ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចកាច់សោកយកម៉ូតូ

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុក ស្រាវជ្រាវនិងឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ពីបទធ្វើសកម្មភាពលួចកាច់សោក យកម៉ូតូ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចចម្ងាយ២០០ម៉ែត្រ ខាងជើងភូមិត្រពាំងប្រីយ៍ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជុំ ជឿយ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិខ្ជាយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានព័ត៌មានពីកម្លាំងប្រជាការពារភូមិបានរាយការណ៍ថា មានករណីចោរលួចកាច់សោកម៉ូតូ លោកបានដឹកនាំកម្លាំងនគរបាលជំនាញ ដើម្បីចេញប្រតិបត្តិការពួនស្កាត់ ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជុំ ជឿយ និងវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប.មានជ័យ.១I-២៨២៦ ដែលមានម្ចាស់ឈ្មោះ​ ពិន វឹង ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិត្រពាំងប្រីយ៍ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនសួរនាំ និងរៀបចំសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្ត ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ ៕

មតិយោបល់