កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងជិះ គ្នា៨នាក់ទាំងអ្នកបើកបរផង ត្រូវបានសមត្ថកិច្ចឃាត់យកមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរថយន្តខាងលើនេះ បានបំពានបំរាមនៅចំណុចគោលដៅសមត្ថកិច្ចឈរជើងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា រថយន្តម៉ាកហាយឡែនឌ័រ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-1871 ជិះគ្នា៨នាក់ទាំងអ្នកបើកបរផង ធ្វើដំណើរចេញពីភ្នំពេញ ទៅប៉ោយប៉ែត លុះមកដល់គោលដៅ ត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលជាគោលដៅសមត្ថកិច្ចហាមឃាត់ការធ្វើដំណើរចេញចូលពីខេត្តមួយទៅខេត្តមួយ រថយន្តខាងលើនេះបានបំពានបម្រាមបើកឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចឈរជើងនៅគោលដៅនោះឡើយ។
លោកវរសេនីយ៍ឯក បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកស្នងការ ឲ្យសហការជាមួយអ ធិការស្រុកកំពង់ត្រឡាច ចុះឃាត់រថយន្តខាងលើនេះដែលបានបំពានបំរាម ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរភ្លាមនោះ កម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយនឹងសមត្ថកិច្ចស្រុកកំពង់ត្រឡាច បានចុះឃាត់រថយន្ដខាងលើនេះបាន នៅចំណុចភូមិគោកស្ដៅ ឃុំទឹកហូតស្រុករលាប្អៀរ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ។ បន្ទាប់ពីធ្វើការសាកសួររួចរាល់ លោកស្នងការ ក៏បានឱ្យរថយន្ដនេះត្រឡប់ក្រោយវិញដោយមានកម្លាំងសន្តិសុខបើករថយន្តជូនរហូតឆ្លងគោលដៅ ដែលសមត្ថកិច្ចកំពុងឈរជើងនៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំងផងដែរ ៕
មតិយោបល់