បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង រួមទាំងយោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយសមត្ថកិច្ចនគរបាលស្រុកថ្មគោល ឃាត់រថយន្តកាមរី ពណ៌ស មួយគ្រឿង មានផ្លាកលេខ បាត់ដំបង 2A-1542 នៅចំណុចឃុំជ្រោយស្តៅ ស្រុកថ្មគោល ដោយក្នុងនោះពិនិត្យឃើញមានសាច់មាន់ខូចគុណភាព ដែលឈ្មួញលួចដឹកបម្រុងយកមកចែកចាយនៅក្នុងមូលដ្ឋាន ។
ក្នុងពេលឃាត់រថយន្តនេះភ្លាម អ្នកបើកបរបានគេចខ្លួនចេញពីទីនោះបាត់ទៅដែលពេលនេះសមត្ថកិច្ច កំពុងស្វែងរកអត្តសញ្ញាណម្ចាស់រថយន្ត និងប្រភពនៃការអនុញ្ញាតឱ្យមានការលួចនាំចូលសាច់មាន់ខូចគុណភាពទាំងនេះ ពីចំណុចព្រំដែនណាមួយនោះហើយ ។
នៅរសៀលថ្ងៃដដែលនេះ ដោយបានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា គឺ ប៊ុណ្ណារ៉ា សមត្ថកិច្ចនគរបាលបានធ្វេីការដុតបំផ្លាញចោលហេីយនូវសាច់មាន់ខូចគុណភាពទាំងនេះ៕
មតិយោបល់