ក្រៅមានស្លាប់យ៉ាងហោចណាស់៧៣៨នាក់ និង៣៣០០នាក់ត្រូវបានក្រុមយោធាចាប់ខ្លួន ការបង្ក្រាបហ្វូងបាតុករយ៉ាងហិង្សា បានជំរុញឱ្យពលរដ្ឋភូមាជិត២៥ម៉ឺននាក់ផ្សេងទៀត បង្ខំចិត្តរត់ភៀសខ្លួនឬធ្វើបំលាស់ទី ដោយការភ័យខ្លាច។ នេះបើតាមសារទ្វីតរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក Tom Andrews ជាមួយពាក្យអំពាវនាវសុំឱ្យពិភពលោក បញ្ចេញសកម្មភាពជាបន្ទាន់ នៅចំពោះមុខមហន្តរាយមនុស្សជាតិនៅភូមានេះ។
អង្គការមនុស្សធម៌គ្រិស្តសាសនា Free Burma Rangers បានអះអាងកាលពីសប្តាហ៍មុនថា មានយ៉ាងហោចជនស៊ីវិលភូមា ២៤០០នាក់បានធ្វើបំលាស់ទីក្រោយពី យោធាភូមាបានធ្វើការវាយប្រហារតាមផ្លូវអាកាសនិងតាមផ្លូវគោកលើក្រុមប្រដាប់អាវុធក្នុងរដ្ឋការែន។ អ្នកនាំពាក្យនៃកងសម្ព័ន្ធជាតិការែន ជនជាតិភាគតិចមួយក្រុមនៅភូមា បានបញ្ជាក់នៅថ្ងៃពុធនេះដែរថា មានជនស៊ីវិលជាង២ពាន់នាក់បានរត់ឆ្លងទៅប្រទេសថៃរួច និងជាច្រើនពាន់នាក់ផ្សេងទៀត កំពុងរត់ទៅលាក់ខ្លួននៅក្នុងព្រៃ តាមបណ្តោយព្រំដែន និងក្បែរភូមិដ្ឋានរបស់ពួកគេ។
ស្ថានភាពនៅភូមាធ្លាក់ដុនដាបនិងបង្កឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ ក្រុមប្រទេសជាសមាជិកប្រជាជាតិនៅអាស៊ីអាគ្នេយ៍ បើកជំនួបកំពូល នៅថ្ងៃសៅរ៍ទី ២៤មេសា នៅក្រុងហ្សាការតា ដើម្បីសិក្សាអំពីករណីភូមាក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសានស៊ូជី។ ជំនួបដែលឧត្តមសេនីយ៍ មីន អូនឡាំង មេដឹកនាំសឹកភូមាបច្ចុប្បន្ន ត្រូវអញ្ជើញឱ្យចូលរួមដែរ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសថៃ កាលពីសប្តាហ៍មុន ក្រោមក្រសែភ្នែកស្រឡាំងកាំងរបស់ក្រុមអង្គការការពារសិទ្ធិមនុស្សទាំងឡាយ។
បើតាមអង្គការHuman Rights Watchលោក មីន អូនឡាំង ដែលជាប់ទណ្ឌកម្មអន្តរជាតិពីបទបានប្រព្រឹត្តសកម្មភាពយោធាដ៏ឃោរឃៅបង្ក្រាបបាតុករ មិនគួរត្រូវបានស្វាគមន៍ក្នុងជំនួបថ្នាក់អន្តរជាតិសោះ៕
មតិយោបល់