ព័ត៌មានជាតិ

មាសសុទ្ធមិនខ្លាចភ្លើង! យុវជនមួយក្រុមព្យាយាមមិនឲ្យសមត្ថកិច្ចឆែកឆេរ ព្រមទាំងជេរប្រមាថចុងក្រោយ…

ភ្នំពេញ: នៅវេលាម៉ោង ១២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ យុវជនមួយក្រុមមិនព្រមឲ្យសមត្ថកិច្ចឃាត់ឆេកឆេរ ថែមទាំងបានទាក់ទងទៅមិត្តភក្តិឲ្យជួយអន្តរាគមន៍ និងជេរប្រមាថសមត្ថកិច្ច ក្រោយមកសមត្ថកិច្ចក៏នាំក្រុមយុវជនទាំងនោះ ទៅពិនិត្យស្រាប់តែរកឃើញថ្នាំញៀន ហើយក៏ធ្វើការឃាត់ខ្លួនតែម្តង បង្កការភ្ញាក់ផ្អើល តាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ក្រុមជនសង្ស័យខាងលើដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមិនបានស្គាល់ឈ្មោះតែក្រុមជនសង្ស័យជិះម៉ូតូចំនួន ២គ្រឿង ក្នុងនោះមួយគ្រឿងជិះគ្នា ៣នាក់ ម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GP-8370 ចំណែកម៉ូតូមួយគ្រឿងទៀត ជិះគ្នា ៣នាក់ដែរ ម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ 1N-3659។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាមុនពេលកើតហេតុពួកគាត់បានចេញល្បាតក្នុងភូមិសាស្ត្រលុះមកដល់មហាវិថីឈ្នះឈ្នះហៅផ្លូវទំនប់កប់ស្រូវខាងលើស្រាប់តែឃើញជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុ៊យគីនិចពណ៌ស។

តាមប្រភពដដែលបានបន្តថាដោយមានការសង្ស័យ សមត្ថកិច្ចក៏ឃាត់សួរនាំ តែក្រុមជនសង្ស័យទាំង ៣នាក់ខាងលើ មិនព្រមឲ្យឆែកឆេរឡើយ បន្ទាប់មកក្រុមជនសង្ស័យខាងលើ បានទាក់ទងទៅមិត្តភក្តិចំនួន ៣នាក់ផ្សេងទៀត ឲ្យមកជួយអន្តរាគមន៍ ដោយមិនឲ្យឆែកឆេរព្រមទាំងរារាំង និងដោះអាវបោកមុខសមត្ថកិច្ច ហើយជេរប្រមាថកម្លាំងសមត្ថកិច្ចទៀតផង បន្ទាប់មកកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានទាក់ទងទៅកម្លាំងនគរបាលប៉ុស្តិ៍ ដើម្បីជួយឃាត់ និងនាំក្រុមជនសង្ស័យទាំងនោះទៅធ្វើការសាកសួរភ្លាមតែម្ដង ស្រាប់តែរកឃើញថ្នាំញៀនមួយកញ្ចប់តូច ដែកកេះមួយ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន ២ផងដែរ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បាននាំជនសង្ស័យទាំង ៦នាក់ ទៅផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីពិនិត្យមើលសារធាតុញៀន រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់