ព្រះវិហារៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយនៅកណ្តាលទីប្រជុំជនក្រុងព្រះវិហារ ដែលបង្ករឲ្យមានអគ្គីភ័យកើតឡើងដោយសារតែមានបុរសសតិមិនគ្រប់ម្នាក់បានទិញសាំងយកមកដុតបំផ្លាញផ្ទះខ្លួនឯង បណ្តាលឲ្យខូចខាតលំនៅឋានរបស់ខ្លួនទាំងស្រុង ។ ហេតុការណ៍ខាងលើកើតឡើងនៅចំណុចភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
នេះបើតាមសាក្សីនៅនឹងកន្លែងកើតហេតុបានរៀបរាប់ថានៅវេលាម៉ោង៦នឹង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចកើតហេតុខាងលើ គេបានឃើញបុរសម្នាក់ដែលមានសតិមិនគ្រប់ ដែលជាម្ចាស់ផ្ទះ បានមកពីខាងក្រៅផ្ទះ ហើយឃើញមានដបសាំង ស្រាប់តែខណៈពេលនោះមិនទាន់បានប៉ុន្មាននាទីផង ក៏ស្រាប់តែមានអណ្តាតភ្លើងឆេះឡើងសន្ធោសន្ធៅតែម្តង។ ភ្លាមនោះបងប្អូនសាច់ញាតិក៏បានយកបំពង់ពន្លត់អគ្គិភ័យជួយពន្លត់អស់៣បំពង់ ភ្លើងក៏បានថមថយទៅវិញ តែពេលនេះជនសង្ស័យដែលមានសតិមិនប្រក្រតីបានព្យាយាមយកភួយ មុង ខោអាវ បោះចូលក្នុងភ្នក់ភ្លើងបន្ថែមទៀត បង្កអោយអណ្តាតភ្លើងឆេះកាន់តែខ្លាំងគ្រប់គ្រងស្ថានភាពលែងបានតែម្តង។
ភ្លាមនោះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារក៏បានចាត់អោយកងកម្លាំងគ្រប់ប្រភេទចេញអន្តរាគមន៍បន្ទាន់ តែដោយសារស្ថានភាពភ្លើងមានសភាពឆេះខ្លាំងមិនអាចជួយពន្លត់បានទេ ទើបធ្វើអោយលំនៅឋាននោះឆេះស្ទើរទាំងស្រុងទៅហើយ ។ ឯកឧត្តមបន្ថែមថាទោះជាបែបនេះក្តីកម្លាំងអន្តរាគមន៍បានជួយទប់ស្កាត់អគ្គិភ័យនេះមិនអោយរាលដាលឆេះដល់ផ្ទះអ្នកជិតខាងឡើយ ។
សូមបញ្ជាក់ថាអគ្គិភ័យខាងលើពុំមានអ្នកណាម្នាក់រងរបួសរឺក៏គ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។ ដោយឡែកជនសង្ស័យបានរត់គេចខ្លួនភ្លាមៗបន្ទាប់ពីហេតុការនេះបានកើតឡើង ៕
មតិយោបល់