ព័ត៌មានជាតិ

គិតម៉េចឥឡូវ! អាវុធហត្ថនិងប៉ូលិសដណ្តើមម៉ូតូជនសង្ស័យ ផ្អើលពេញផ្លូវ!

ភ្នំពេញៈ ហុងដាឌ្រីមស៊េរីឆ្នាំ ២០១៨ មួយគ្រឿង ត្រូវបានកងរាជអាវុធហត្ថខណ្ឌដូនពេញដកហូត បន្ទាប់ពីមានជនសង្ស័យម្នាក់ជិះធ្វើសកម្មភាពចូលលួចទូរសព្ទដៃស៊េរីទំនើបមួយគ្រឿង នៅក្នុងហាងលក់ខោអាវ ហើយទូរសព្ទដៃនោះបានភ្ជាប់ប្រព័ន្ធ icloud សញ្ញាប្រាប់ទីតាំង ក៏ត្រូវបានម្ចាស់ទូរសព្ទដែលជនរងគ្រោះរាយការណ៍ទៅអជ្ញាធរភ្លាមៗដើម្បីតាមចាប់ តែក្រោយពេលដែលទៅដល់ចំណុចនោះជនសង្ស័យហាក់ដូចដឹងខ្លួនមុនបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកម៉ូតូដែលជិះធ្វើសកម្មភាព។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ចេញពីចំណុចហាងលក់ខោអាវ តាមបណ្តោយផ្លូវ២៧១ សង្កាត់ទឹកក្អក់៣ ខណ្ឌទួលគោក ហើយឃាត់បានម៉ូតូនៅតំបន់មិនរៀបរយមួយកន្លែង (ផ្ទះឡ) ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះថា អាម៉ី អាយុ២៣ឆ្នាំ ភេទស្រី មុខរបរលក់ខោអាវ ស្នាក់នៅ កន្លែងកើតហេតុខាងលើ ចំណែកទូរសព្ទដែលត្រូវបានជនសង្ស័យចូលលួចយកទៅបាត់នោះម៉ាក iphone 7 plus ពណ៌ខ្មៅ បិទស្កុតក្រហម។

តាមការរៀបរាប់ពីជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានដាក់ទូរសព្ទនោះនៅលើតុ ហើយបានដើរទៅក្រោយផ្ទះបាយមួយភ្លែតហើយក៏បានអើតមើលមុខហាង ស្រាប់តែឃើញជនសង្ស័យម្នាក់ដើរចេញពីហាងរបស់នាងជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៨ ស្លាកលេខ ភ្នំពេញ1GS-8670 ជិះចេញទៅបាត់ ទោះនាងប្រឹងស្រែកហៅក៏មិនឈប់ដែរ។ នាងបានបន្តទៀតថា ក្រោយពេលដឹងថាបាត់ទូរសព្ទ ទើបនាងរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយរក ដោយសារទូសព្ទនោះភ្ជាប់ប្រព័ន្ធ icloud ប្រាប់ទីតាំង ទើបសមត្ថកិច្ចតាមរកឃើញម៉ូតូ តែជនសង្ស័យរត់គេចបាត់ស្រមោល។

ក្រោយពេលកើតហេតុម៉ូតូខាងលើត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញយកមករក្សាទុកនៅបណ្តោះអាសន្ន ចំណែកជនរងគ្រោះ សមត្ថកិច្ចធ្វើការសាកសួរបន្ថែម ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់