ព័ត៌មានជាតិ

បុរស​៣​នាក់​ជិះ​ម៉ូតូ​បុក​កន្ទុយ​ម៉ូតូ​សណ្ដោង​រទេះដឹក​បន្លែ​បណ្ដាលអោយ​រងរបួស​ធ្ងន់​ស្រាល​

ភ្នំពេញ ៖ បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ស្ថានភាព​ស្រវឹង​គេច​ម៉ូតូ​សណ្ដោង​រទេះដឹក​បន្លែ​មិន​ផុត​ជ្រុល​បុក​ជំ​ហៀ​ង​ខាងក្រោយ​រទេះដឹក​បន្លែ​បណ្ដាល​អោយ​ដួល​រងរបួស​ធ្ងន់​ស្រាល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​០៥​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៣​ខែ​មិថុនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ស្ដុប​បូកគោ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​កែង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

​បើតាម​សម្ដី​របស់​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​និង​មិត្ត​ភ័ក្តិ​បាន​ទៅ​ផឹកស៊ី​នៅ​ហាង​មួយ​កន្លែង​នៅ​ម្ដុំ​បឹង​ក្រពើ ពេល​ផឹកស៊ី​រួចរាល់​ក៏​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ ចេញ​មក​វិញ​បំណង​ត្រឡប់ទៅផ្ទះ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​ស្ដុប​បូកគោ ស្រាប់តែ​មាន​ម៉ូតូ​សណ្ដោង​រទេះដឹក​បន្លែ​មួយ​គ្រឿង​ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ទិសដៅ​ពី​កើត​ទៅ​លិច​ឆ្លងផ្លូវ ធ្វើអោយ​ម៉ូតូ​ជនរងគ្រោះ​វ៉ាក់​គេច​មិន​ផុត​ក៏​ជ្រុល​បុក​កន្ទុយ​រទេះដឹក​បន្លែ​បណ្ដាល​អោយ​ដួល​រង​របួសធ្ងន់​ម្នាក់​ស្រាល​២​នាក់​និង​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​មុខ ចំណែក​ម៉ូតូ​សណ្ដោង​រទេះដឹក​បន្លែ​មិន​មាន​បញ្ហា​អ្វី​ក៏​បាន​ជិះ​គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្តរាគមន៍​និង​បញ្ជូន​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ជនរងគ្រោះ​រង​របួស​ស្រាល​បាន​លើក​ម៉ូតូ​ដាក់​ក្បែរ​ចិញ្ចើម​ផ្លូវ​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

1

23

មតិយោបល់