ព័ត៌មានជាតិ

មន្ត្រីជំនាញរកឃើញ ភេសជ្ជ:កំប៉ុង ស្រាបៀរ ទឹកម្ទេស ហួលកាលបរិច្ឆេទប្រើប្រាស់ និងអាល់កុលក្លែងក្លាយ ត្រូវបានដកហូតកម្ទេចចោល

រតនគិរីៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តរតនគិរី សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព និងតាមដានតម្លៃទំនិញ នៅផ្សារស៊ីត្រា ផ្សារបានលុង និងតាមផ្ទះលក់ទំនិញ ក្នុងក្រុងបានលុង ខេត្តរតនគិរី ។ គោលបំណងសំខាន់នៃការចុះត្រួតពិនិត្យនេះ គឺដើម្បីស្រាវជ្រាវ និងទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

តាមរយៈ សកម្មភាព អនុវត្ត ច្បាប់ខាងលើ មន្ត្រីជំនាញសាខា ក.ប.ប. បានរកឃើញ និងដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ដែលបន្លំលក់ជាអាល់កុលសម្លាប់មេរោគចំនួន ៣១.៥លីត្រ រួមជាមួយទំនិញហួលកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៨៩.៧២ គីឡូក្រាម រួមមាន ត្រីសាលម៉ុន ភេសជ្ជ:កំប៉ុង ស្រាបៀរ ទឹកដោះគោ ទឹកម្ទេស និងទឹកសៀងជាដើម ។ អាល់កុលក្លែងក្លាយ (មេតាណុល) និង ទំនិញទាំងនេះត្រូវ បានដកហូតរក្សាទុក និងយកទៅកំទេចចោលតាមនីតិវិធី ។

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវ ដល់អាជីវករទាំងអស់ សូមមេត្តាធ្វើ សកម្មភាព អាជីវកម្ម របស់ខ្លួន ដោយឈរលើគោលការណ៍ក្រមសីលធម៌ និងប្រកបដោយភាពសុចរិត ៕

មតិយោបល់