បន្ទាយមាននជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ពីបទរំលោភកូនចុងរបស់ខ្លួនអាយុ១០ឆ្នាំ រស់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ រៈយ៉ា ហៅព្រឹម ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជននេះកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ត្រូវបានម្តាយកុមារីរងគ្រោះឈ្មោះ យ ច រ អាយុ ១០ឆ្នាំ ដែលត្រូវជាប្រពន្ធជនសង្ស័យ បានប្តឹងសមត្ថកិច្ចនគរបាល វរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ឲ្យចាប់ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកថ្មពួក ។ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ពីបទរំលោភសេពសន្ថវៈលើអនីតិជន (កូនចុងរបស់ខ្លួន) នៅនឹងផ្ទះរបស់ខ្លួន ខណៈក្មេងស្រីរងគ្រោះនៅចាំផ្ទះម្នាក់ឯង ដោយម្តាយរវល់នៅរើសស្វាយទុំនៅខាងកើតផ្ទះចម្ងាយ១.០០០ម៉ែត្រ ហើយឲ្យជនសង្ស័យជាប្តីដឹកស្វាយទុំមកផ្ទះមុន ។
លោកអធិការនគរបាលស្រុកថ្មពួកបានបញ្ជាក់ថា ក្រោយពីឪពុកចុងបានធ្វើសកម្មភាពមកលើខ្លួនរួច កុមារីរងគ្រោះបានរត់យំមកប្រាប់ម្តាយ ដោយរៀបរាប់អំពីទង្វើដ៏លាមករបស់ឪពុចុងតិរច្ឆាន ត្រីឆ្តោរស៊ីកូនឯង បានប្រព្រឹត្តមកលើខ្លួន បន្ទាប់មកស្ត្រីជាម្តាយបានប្តឹងនគរបាល វរសេនាតូចការពារព្រំដែនគោកលេខ៨០៧ នៅឈរជើងជិតនោះ ឃាត់ខ្លួនឪពុកចុងនេះតែម្តង ។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យត្រូវបានមន្ត្រីនគរបាលជំនាញ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះហើយ ៕



មតិយោបល់