ភ្នំពេញៈ រន្ធត់ណាស់បុរសម្នាក់ មកដេកកណ្ដាលផ្លូវ ក៏ត្រូបានរថយន្តជាច្រើនគ្រឿង បើកកិនបណ្ដាលឲ្យស្លាប់ ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង១២ និង៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចកណ្ដាលស្តបអ៊ឺនដឺខន ក្បែរផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេដឹងថា ជាមនុស្សមានសតិមិនប្រក្រតី បានដើរដេកតាមផ្លូវជារៀងរាល់ថ្ងៃ ហើយកន្លងមក ក៏ត្រូវបានរថយន្តបើកបុក បណ្ដាលឲ្យរងរបួសផងដែរ តែមិនធ្ងន់ធ្ងរនោះទេ ។
ខណៈនៅយប់កើតហេតុ ជនរងគ្រោះ បានដើរមកដេកកណ្ដាលផ្លូវ ត្រង់ចំណុចស្តុប អ៊ីនដឺខន ធ្វើឲ្យរថយន្តមិនស្គាល់ម៉ាក ប្រហែល៣គ្រឿង បើកកិនចំខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ រួចរថយន្តបង្កទាំងនោះ បានបន្តដំណើរទៅមុខបាត់ស្រមោល ។
ករណីនេះដែរ គេសង្កេតឃើញថា រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ ដូចជាមិនសូវយកចិត្តទុកដាក់ ក្នុងការចុះមកដឹកជនរងគ្រោះ យកទៅសង្គ្រោះនោះទេ ធ្វើឲ្យប្រជាពលរដ្ឋវាយតម្លៃថា ឃើញតែអ្នកមានលុយ ឯអ្នកអត់ លុយមិនខ្វល់ឡើយ ។
ក្រោយមកក៏មានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជន ហុង ហាក់ ចុះមកដឹកជនរងគ្រោះ ទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះអាយុជីវិត តែអកុសល ជនរងគ្រោះ បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ រួចយកតម្កល់នៅឯវត្តទឹកថ្លា រង់ចាំបូជាតាមប្រពៃណី៕
មតិយោបល់