កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៣ និង ៣០នាទី មានករណីគំរាមកំហែងថានឹងសម្លាប់នៅចំណុចផ្ទះរបស់ឈ្មោះ ទិត្យ ឃាង ស្ថិតក្នុង ភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ អិត សឿន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្រពន្ធ) ។
ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ សៀប តើយ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្ដី) ។
វត្ថុតាងចាប់យក៖
១. អាវុធកែច្នៃ ចំនួន ០១ ធ្វើអំពីជ័រ ពណ៌ខៀវ មានប្រវែង ៥៧ ស.ម
២. កាំបិតប៉័ងតោ ចំនួន ០១ ផ្លែដែក ដងឈើ មានប្រវែង ៣២ ស.ម
៣. ស្ន ចំនួន ០១ ផ្លែដែក ដងឬស្សី មានប្រវែង ៧២ ស.ម
៤. គ្រាប់ឃ្លី ចំនួន ០៤គ្រាប់
កន្លងមកជនសង្ស័យតែងតែរករឿង និងគំរាមទៅលើឈ្មោះ អិត សឿន ត្រូវជាប្រពន្ធជាញឹកញ៉ាប់ ដោយជួនកាលជនសង្ស័យបានប្រើប្រាស់កាំភ្លើងកែច្នៃបាញ់គំរាមជនរងគ្រោះទៀតផង ។ រហូតដល់ថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុ ជនសង្ស័យបានរករឿង និងគំរាមកំហែង ប្រពន្ធម្ដងទៀត ហើយឈ្មោះ អិត សឿន បានគេចទៅស្នាក់នៅផ្ទះប្អូនថ្លៃរបស់ខ្លួនឈ្មោះ ទិត្យ ឃាង ដែលនៅក្បែរនោះទាំងយប់ ។
បន្ទាប់មកជនសង្ស័យក៏បានកាន់កាំបិតប៉័ងតោ ទៅតាមរកប្រពន្ធ ខណ:ពេលទៅដល់ផ្ទះរបស់ឈ្មោះ ទិត្យ ឃាង ជនសង្ស័យបានស្រែកគំរាមទៅកាន់ជនរងគ្រោះថា ហ្ងែងរត់ទៅដល់ណាក៏ដោយ អញតាមសម្លាប់ហ្ងែងទាល់តែងាប់ និងបានស្រែកជេរ ថែមទៀតផង ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រើយស្លា សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ព័ត៌មានជាតិ
មតិយោបល់