ព័ត៌មានជាតិ

កូនប្រុសម្នាក់ ត្រូវឪពុកបង្កើតប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ករណីហិង្សាក្នុងគ្រួសារជាញឹកញាប់ និងធ្វើឲ្យខូចខាតសម្ភារៈក្នុងផ្ទះ

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនា នៅចំណុចផ្ទះរបស់ឈ្មោះ ប៊ន គឹមអេង ស្ថិតក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ប៊ុន គឹមអេង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាឪពុកបង្កើត) ។ ចំណែកជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ អេង វុទ្ធី ហៅ អួយ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិលស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនបង្កើត) ។

វត្ថុតាងចាប់យក៖ ១. កណ្ដៀវ ចំនួន ០១ដើម ផ្លែដែក ដងឈើ មានប្រវែង ៥៦ ស.ម, ២. ចំពាមកៅស៊ូ ចំនួន ០១
៣. ដុំថ្ម ប៉ុនម្រាមដៃ ចំនួន ១១គ្រាប់,៤. ស្បោងខ្មៅ ចំណុះ ២គ.ក មានចងខ្សែខ្មៅ ចំនួន ១ ។

កន្លងមកជនសង្ស័យ តែងតែរករឿងសមាជិកក្នុងគ្រួសារ ជាញឹកញ៉ាប់ ដោយពេលខ្លះជនសង្ស័យវាយកំទេចសម្ភារៈនៅក្នុងផ្ទះ សម្លុតជេរប្រមាថ និងគំរាមកំហែង ជនរងគ្រោះទៀតផង ។ រហូតដល់ថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុ ជនសង្ស័យបានត្រឡប់មកពីដើរលេងវិញ ដោយមានស្ពាយថង់ខ្មៅ ផ្ទុកវត្ថុតាងដូចខាងលើ រួចបានធ្វើសកម្មភាព យកជំពាមកៅស៊ូដាក់គ្រាប់ដុំថ្មបាញ់ទៅលើផ្ទះជនរងគ្រោះ ជាច្រើនគ្រាប់ បណ្ដាលឲ្យមានការខូចខាត បែកទ្វារនិងបង្អួចកញ្ចក់មួយចំនួន ។

ដោយទ្រាំនឹងសកម្មភាពរបស់កូនខ្លួនមិនបាន ជនរងគ្រោះជាឪពុកបានដាក់ពាក្យបណ្ដឹង មកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល ឲ្យជួយអន្តរាគមន៍ ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិល បានចុះទៅដល់កន្លែងកើតហេតុ តែជនសង្ស័យបានគេចខ្លួនបាត់ ។

រហូតមកដល់ថ្ងៃទី២៧ ខែឆ្នាំដដែល វេលាម៉ោង០៦និង០០នាទី ជនសង្ស័យបានត្រឡប់មកចូលក្នុងផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកវិល ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់