(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃអង្គារនេះបានចេញសេចក្ដីណែនាំសុខាភិបាលថ្មីមួយថាអ្នកដែលបាន ចាក់វ៉ាក់សាំងពេញលេញ ឬ២ដូស អាចនឹងធ្វើសកម្មភាពនៅខាងក្រៅដូចជាដើរហើរ ឬហាត់ប្រាណដោយមិនចាំបាច់ពាក់ម៉ាស់ តែត្រូវបានបន្តអនុវត្ត ការពាក់ម៉ាសនៅតាមទីសាធារណៈដែលតម្រូវឱ្យធ្វើបែបនេះ។
ការធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំសុខាភិបាលរបស់ CDC ធ្វើឡើងនៅចំពេលប្រជាជនអាមេរិកពេញវ័យច្រើនជាងពាក់កណ្ដាលបានទទួលការចាក់ វ៉ាក់សាំងដូសទី១ ខណៈលោក ចូ បៃដិននិយាយថាសេចក្ដីណែនាំថ្មីនេះបានមកពីលទ្ធផលនៃការប្រយុទ្ធប្រឆាំង COVID-19។ លោក បៃដិន ក៏បានជំរុញឱ្យអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងប្រញាប់ទៅចាក់វ៉ាក់សាំងផងដែរ។
បើតាម CDC ការធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំសុខាភិបាលខាងលើគឺជាការបោះជំហានដំបូងជាមួយក្ដីសង្ឃឹមថាអ្នកដែលបានចាក់ វ៉ាក់សាំងពេញលេញ ឬ២ដូស អាចនឹងចាប់ផ្ដើមសកម្មភាពប្រចំាថ្ងៃរបស់ពួកគេឡើងវិញ ឬត្រឡប់ទៅរកស្ថានភាពមុន COVID-19 ក្នុងពេលឆាប់ៗ នេះ៕
Reuters៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១
មតិយោបល់