ព័ត៌មានជាតិ

ពេទ្យយោធាខេត្តពោធិ៍សាត់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រើអំពើហិង្សាគំរាមអារ.កសម្លាប់ម្តាយបង្កើត និងបំផ្លាញទ្រព្យក្នុងផ្ទះ

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ ចាប់ឃាត់ខ្លួនពីបទប្រើអំពើហឹង្សាគំរាមអារ.កសម្លាប់ម្តាយបង្កើតនិងបំផ្លាញទ្រព្យក្នុងផ្ទះ កាលពីថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី ចំណុចភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។

ប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះប៊ុត គឹម ឈាង អាយុ៣២ឆ្នាំ ភេទប្រុសជនជាតិខ្មែរ នៅភូមិចេកចៅឃុំកំពង់ពោធិ៍ ជាពេទ្យយោធាខេត្តពោធិ៍សាត់។

ប្រភពបានបន្តថា ករណីហឹង្សាក្នុងគ្រួសារនេះបណ្តាលមកពីជនសង្ស័យស្រវឹងស្រាទើបបណ្តាលឲ្យមានបញ្ហានេះកើតឡើង ចំពោះជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរចាត់ការបន្តទៅតាមនីតិវិធី៕

មតិយោបល់