ព័ត៌មានជាតិ

ក្រុមជនសង្ស័យចំនួន៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខេត្តតាកែវឃាត់ខ្លួន ពាក់ព័ន្ធករណីដេញកាប់និងលួចយកម៉ូតូ

តាកែវ: នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលខេត្តតាកែវសហការគ្នា បង្រ្កាបក្រុមជនសង្ស័យ ជិះម៉ូតូប្រដាប់ដោយដាវ បានធ្វើសកម្មភាព ដេញកាប់យកម៉ូតូម៉ាក អ៊ិចសិនទ័រ១គ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1AK 4671 ពីជនរងគ្រោះឈ្មោះ សន មនោរម្យ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិទីប៉ាត់ ឃុំជាងទង ត្រង់ចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិចមពល ឃុំពពេល កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ និងជនសង្ស័យមួយក្រុមទៀត បានជិះម៉ូតូធ្វើសកម្មភាព ចូលលួចយកម៉ូតូម៉ាក អ៊ិចសិនទ័រ ១គ្រឿង ពណ៌ខៀវ គ្មានផ្លាកលេខ របស់ជនរងគ្រោះឈ្មោះ ហេង ប្រុសពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិអង្គតាសោម ឃុំអង្គតាសោម កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។

ករណីខាងលើនេះ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមស្នងការ និងដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧និង00នាទី កម្លាំងអធិការរដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំង អធិការរដ្ឋាននគរបាលស្រុកបរសេដ្ឋ បានធ្វើការបង្ក្រាបមុខសញ្ញាជនសង្ស័យជាជនដៃដល់ចំនួន០៤នាក់៖

១.ឈ្មោះ ព្រំ មួន ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិមានជ័យ ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
២.ឈ្មោះ សោ ម៉េង ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិនរាយណ៍ ឃុំពោធិអង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
៣.ឈ្មោះ តុប ហុក ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិពេជ្រចង្វារឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ
៤.ឈ្មោះ សួន បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិក្រញូង ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ដកហូតសម្ភារ:វត្ថុតាងម៉ូតូចំនួន៣គ្រឿង:
១.ម៉ូតូម៉ាក អ៊ិចសិនទ័រ ពណ៌ខៀវ បិតស្គុតខ្មៅ គ្មានផ្លាកលេខ លេខតួ:524241
២.ម៉ូតូម៉ាក អ៊ិចសិនទ័រ ពណ៌ខ្មៅ គ្មានផ្លាកលេខ លេខតួ:600555
៣.ម៉ូតូម៉ាក អ៊ិចសិនទ័រ ពណ៌ក្រហម គ្មានផ្លាកលេខ លេខតួ:073134 លេខម៉ាស៊ីន: 0592716 ។

បញ្ជាក់: វត្ថុតាងម៉ូតូ0២គ្រឿងម៉ាក អ៊ិចសិនទ័រ ដែលមានលេខតួ.524241 និងម៉ូតូដែលមានលេខតួ.073134 ត្រូវបាន ឯកឧត្តម ព្រះរាជអាជ្ញា សម្រេចឲ្យប្រគល់ជូនទៅជនរងគ្រោះ ជាម្ចាស់ដើម ដើម្បីយកទៅប្រើប្រាស់វិញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថិច្ច ធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី ៕

មតិយោបល់