ព័ត៌មានជាតិ

គោយន្ត ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស ៤នាក់ រងរបួសធ្ងន់ស្រាល

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ​ ២រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី២៨ ខែ​មេសា​ ឆ្នាំ២០២១ វេលាម៉ោង​ ១៤និង​៣០នាទី​ នៅត្រង់ចំណុចចន្លោះបង្គោល​គីឡូម៉ែត្រលេខ​ ២៥–២៦ លើផ្លូវជាតិលេខ​២៦៤១​ ស្ថិត​ក្នុង​ភូមិត្បែងលិច​ ឃុំត្បែង​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប មាន​ករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្ដ​កន្ត្រៃ​មួយគ្រឿង​ ពណ៌​ក្រហម​ ស្លាកលេខ​គ្មាន​ បើកបរដោយ​ឈ្មោះ​ លូញ​ លី ភេទប្រុស​ អាយុ​ ២៧ឆ្នាំ​ រស់នៅភូមិ​គោកចិន ឃុំចាន់សរ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប​ បើកបរទិសដៅ​ពីលិចទៅកើត​ មានអ្នករួមដំណើរម្នាក់ឈ្មោះ​ គ័ង​ គៀន​ ភេទប្រុស​ អាយុ​ ៤៧ឆ្នាំ​ រស់នៅភូមិ​គោកចិន ឃុំចាន់សរ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប​ បានបុកនឹងគោយន្តកែច្នៃមួយគ្រឿង ពណ៌​ខៀវ​ ស្លាកលេខ​គ្មាន បើកបរដោយឈ្មោះ​ អ៊ឹម​ ជីភូ​ ភេទ ប្រុស​ អាយុ​ ២២ឆ្នាំ​ រស់នៅភូមិស្រះខ្វាវ(រហាល) ឃុំត្បែង​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប​ បើកបរទិសដៅ​ពីកើតទៅលិច​ មានអ្នករួមដំណើរម្នាក់ ឈ្មោះ​ ប៊ូន​ ប៊ុនមាន​ ភេទប្រុស​ អាយុ២២ឆ្នាំ​ រស់នៅភូមិស្រះខ្វាវ(រហាល) ឃុំត្បែង​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីបានអោយដឹងថា : ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយអ្នកបើកបរគោយន្តកែច្នៃបើកបរមិនប្រកាន់ស្តាំ ហើយបណ្តាល​អោយ​មនុស្សរង របួសចំនួន​ ០៤នាក់

១-​ឈ្មោះ​ លូញ​ លី​ របួស​ស្រាល
២–ឈ្មោះ​ គ័ង​ គៀន​ របួស​ធ្ងន់
៣–ឈ្មោះ​ អ៊ឹ​ម​ ជីភូ​ របួស​ធ្ងន់
៤–ឈ្មោះ​ ប៊ូន​ ប៊ុនមាន​ របួស​ស្រាល

និងខូចខាតគោយន្តកន្ត្រៃចំនួន ០១គ្រឿង(ធ្ងន់) និងគោយន្តកែច្នៃចំនួន ០១គ្រឿង​ (ធ្ងន់) ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ។ ចំណែកវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

មតិយោបល់