ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ៧និង ៣០នាទី កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួងចុះបង្ក្រាបក្រុមក្មេងទំ
នើងបង្កការអុកឡុកជិះម៉ូតូបំបុកសមត្ថកិច្ចកំពុង
ធ្វើការបិទចរាចរណ៍ពេលយប់ក្នុងតំបន់ហាមឃាត់ នៅចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ ជួន ពិសិដ្ឋ អធិការរងនគរបាលស្រុកក្រគរបានឲ្យដឹងថា មុនពេលកើតហេតុក្រុមក្មេងទំនើងបានជិះម៉ូតូម៉ាក វីនន័រ ពណ៌ខៀវ គ្មានផ្លាកលេខ ជិះគ្នា០២នាក់ លុះមកដល់ចំណុចខាងលើ ត្រូវបានសមត្ថកិច្ចយើងហៅសួរនាំ ប៉ុន្តែជនមុខសញ្ញាទាំង០២នាក់មិនបានឈប់ម៉ូតូទេដោយបានជិះម៉ូតូបុកសមត្ថកិច្ចដែលកំពុងធ្វើការបិទចរាចរណ៍ ។
បន្ទាប់មកជនទាំង២នាក់បានជិះម៉ូតូគេចទៅទិសខាងជើង ពេលនោះកម្លាំងសមត្ថកិច្ចក៏បានដេញតាមនិងបានចាប់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកក្រគរក្មេងទំនើងទាំង០២នាក់មានឈ្មោះ ១–ឈ្មោះ គង់ សុខខៃ អាយុ១៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរមុខរបរ កម្មករ មានទីលំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ២ ឈ្មោះ សេម ផារីត អាយុ១៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកអធិការរងបានបន្តថា ក្រោយពីការឃាត់ខ្លួនក្មេងទំនើងទាំង០២នាក់ សមត្ថកិច្ចយើងបានធ្វើតេស្តរកសាធាតុញៀនក្នុងទឹកនោមលទ្ធផល (អវិជ្ជមាន)។
បច្ចុប្បន្នក្មេងទំនើងទាំង០២នាក់ត្រូវបានឃាត់ខ្លួនដើម្បីធ្វើការអប់រំរយ:ពេល៤៨ម៉ោង នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១ វេលាម៉ោង២១ និង១២ នាទី ៕
មតិយោបល់