បន្ទាយមានជ័យៈ យោងតាមផេករបស់ការិល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មនុស្ស០២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកតូយូតាស៊ីណាបុកខណៈពេលជនរងគ្រោះកំពុងបណ្តើរម៉ូតូអស់សាំង ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៥និង២០នាទីព្រឹកព្រលឹម ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ថានីយ៍ថ្លឹងរថយន្តកូនដំរី ប្រហែល១៥០ម៉ែត្រ,ស្ថិតក្នុងភូមិកូនដំរី ,សង្កាត់និមិត្ត,ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់ ១/ឈ្មោះ អៀង ម៉េងលី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ (ជាអ្នកបណ្តើរម៉ូតូ)២/ឈ្មោះ អាង ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ,មុខរបរធ្វើស្រែ (អ្នកដើរពីក្រោយជួយរុញម៉ូតូ)។ ជនរងគ្រោះទាំង០២នាក់ នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នាចំនួន០៣នាក់ បានជិៈម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវ ពណ៏ក្រហម ពុំមានផ្លាកលេខ ទៅឆ្លុះកង្កែប លុះពេលនាំគ្នាត្រឡប់មកផ្ទះវិញជិៈមកដល់លើផ្លូវជាតិ ម៉ូតូអស់សាំង ក្នុងនោះមាន០១នាក់បានដើរទៅរកទិញសាំង ហើយឲ្យឈ្មោះ អើង ម៉េងលី ជាអ្នកបណ្តើរម៉ូតូនិងឈ្មោះ អាង ធឿន ជាអ្នកជួយរុញម៉ូតូពីក្រោយក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុត្រង់ចំណុចខាងលិចស្ថានីយ៍ថ្លឹងរថយន្តកូនដំរី ប្រហែល១៥០ម៉ែត្រ,ស្ថិតក្នុងភូមិកូនដំរី មានរថយន្ត០១ ម៉ាកតូយូតាស៊ីណា ពណ៏ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ២T-២៣២៧ បើកបរពីលិចទៅកើត ហើយបានរេចង្កូតទៅបុកមនុស្ស០២នាក់ កំពុងដើរបណ្តើរម៉ូតូនិងរុញពីក្រោយប៉ើងខ្ទាតធ្លាក់ពីថ្នល់ទាំងមនុស្សនិងម៉ូតូ ។ អ្នកបើកបររថយន្តក្រោយពីបង្កហេតុបានដោះស្លាកលេខរថយន្តរត់គេចខ្លួនបាត់ ។ករណីនេះសមត្ថកិច្ចសង្ស័យអ្នកបើកបររថយន្តងងុយដេក ។សពត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវ យកមកទទួលខុសត្រូវចំពោះមុខច្បាប់ វត្ថុតាងម៉ូតូនិងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕
មតិយោបល់