ស្វាយរៀងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន នាយការិយាលយ័ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត រដ្ឋបាលក្រុងបាវិត និងស្ថិតក្រោមការសម្របសម្រូលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា លោកស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន និងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់ ចំនួន ០៣ទីតាំង ផ្សេងគ្នាក្នុងនោះ ៖ ទីតាំងទី១-នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត, ទីតាំងទី២-នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត, ទីតាំងទី៣-នៅចំណុចបន្ទប់ជួលនៃសណ្ឋាគារសុបិនពិសេស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន បានប្រាប់គេហទំព័រ និងព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ ថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាមេក្លោង និងបក្ខពួកចំនួន០៣នាក់ (ស្រី ០១នាក់) ជនជាតិវៀតណាម។ ជនសង្ស័យទី១-ឈ្មោះ ត្រឹង វឹកភូ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម(ជាមេក្លោង), ទី២-ឈ្មោះ វ៉ូ ហ័រធឿង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម និងទី៣-ឈ្មោះ ង៉ូ ធីអៀងថាន់ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម។
លោកវរសេនីយ៍ឯក កែវ សុថា បញ្ជាក់ថា ប្រតិបត្តិការនេះ សមត្ថកិច្ចរឹបអូសវត្ថុតាងដែលពាក់ពន្ធ័ក្នុងបទល្មើសសរុបទាំង ០៣ទីតាំងរួមមាន ៖ សារធាតុញៀនសរុបទម្ងន់ ១៤៩៥.៧១ក្រាម ក្នុងនោះ ១.មេតំហ្វេតាមីន(ICE) ទម្ងន់ ៦៧៣.៤៣ក្រាម, ២-អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៥៧០.៤៨ក្រាម, ៣-កេតាមីន (Ketamine) ទម្ងន់ ២៥១.៨០ក្រាម, ៤-សារធាតុមិនទាន់ច្បាស់លាស់ទម្ងន់ ២៤៤៤.៨២ក្រាម, ៥-រថយន្ត ៤គ្រឿង, ៦-ម៉ូតូ ១គ្រឿង, ៧-ជញ្ជីងថ្លឹងថ្នាំ ២គ្រឿងរួម និងសម្ភារៈវេចខ្ចប់ ឧបរណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់