ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត

តាកែវ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ០៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២១និង៣០នាទី មានករណីធ្វើឱ្យខូចដោយចេតនា (គប់កញ្ចក់រថយន្ត) មួយករណី កើតឡើងនៅចំណុចមុខវត្តសំណាប លើផ្លូវជាតិលេខ៣១ ចន្លោះគីឡូម៉ែត្រលេខ ២-៣ ស្ថិតនៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យខូចខាត រថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ ត្រាហ្គោ (Tra go) ពណ៌ត្រួយចេក ពាក់ផ្លាកលេខកំពង់ធំ 3B0265 បែកថ្ពាល់ខាងឆ្វេងមួយកន្លែង ។

ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តម ព្រះរាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះអន្តរាគមន៍ភ្លាមៗ និងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ មានឈ្មោះ អ៊ុន សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិសឹង្ហ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងម៉ូតូមួយគ្រឿង ធុនC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1Z-7469 ចំណែកបក្ខពួកចំនួន០៦នាក់ទៀត បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញ កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី រីឯកបក្ខពួកដែលបានរត់គេចខ្លួន កម្លាំងជំនាញបានកំណត់អត្តសញ្ញាណ តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន ៕

មតិយោបល់