ព័ត៌មានជាតិ

យុវតីម្នាក់ ឮដំណឹងថា ម្ដាយទទួលមរណភាព ស្រាប់តែមកលោតទឹកសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វា

ភ្នំពេញៈ យុវតីវ័យ១៨ឆ្នាំម្នាក់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វា បន្ទាប់ពីទទួលដំណឹងថា ម្តាយនាងស្លាប់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនទាន់ពេល បាននាំមកពន្យល់ណែនាំ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ចំណុចស្ពានជ្រោយចង្វា (មិត្តភាពកម្ពុជា-ជប៉ុន ) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភព ពីជនរងគ្រោះ បានប្រាប់អោយដឹងថា នាងមានឈ្មោះ (ជ. ជ) មានស្រុកកំណើតនៅខេត្តព្រះវិហារ សព្វថ្ងៃបំរើការងារ ជាកម្មការិនីរោងចក្រមួយកន្លែង នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលមូលហេតុដែលឈានការសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួននេះ គឺបន្ទាប់ពីនាងទទួលបានដំណឹងថា ម្ដាយបង្កើតបានទទួលមរណភាព កាលពីម្សិលមិញ ចោលគាត់ថែមទាំងមិនអាចទៅធ្វើបុណ្យ ដើម្បីសងគុណម្ដាយជាលើកចុងក្រោយបាន នាងគិតអ្វីមិនចេញទើបសម្រេចចិត្ត ហៅកង់បីឥណ្ឌាជិះពីបែកចាន មកលោតទឹកលើស្ពានជ្រោយចង្វា តែត្រូវសមត្ថកិច្ចមកឃាត់ទាន់ពេល ហៅចុះមកគល់ស្ពានវិញ ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ស្រះចក មកសួរនាំយុវតីខាងលើរួចពន្យល់ រួចរកលេខមិត្តភក្តិ បងប្អូនដើម្បីទំនាក់ទំនងមកទទួលយកត្រឡប់ទៅផ្ទះវិញ ៕

មតិយោបល់