ព័ត៌មានជាតិ

ប្រពន្ធចាក់សាំងដុតប្ដី និងកូន ត្រូវនគរបាលឃាត់ខ្លួន នៅស្រុកស្វាយលើ

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស ដោយយកសាំងចាក់ដុតប្តី និងកូន។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រស់នៅភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡូន សាន្ត ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ កសិករ រស់នៅកន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថាកាលពីវេលាម៉ោង១៤:០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ឡូញ ឡា បានរាយការណ៍ថា មានករណីភ្លើងឆេះលើជនរងគ្រោះឈ្មោះ គង់ ឆាយ ភេទប្រុស អាយុ៤៨ឆ្នាំ នៅដីចម្ការរបស់ខ្លួន (ឆ្ងាយពីផ្ទះប្រជាពលរដ្ឋប្រហែល ៤គីឡូម៉ែត្រ ) ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះស្រាវជ្រាវស៊ើបអង្កេតជុំវិញករណីខាងលើនេះ ដោយប្រជាពលរដ្ឋបានបញ្ជាក់ថាគេបានឃើញជនរងគ្រោះឈ្មោះ គង់ ឆាយ ស្ថិតក្នុងស្ថានភាពឆេះខ្លោចលើដងខ្លួន និងផ្ទៃមុខ បានរត់មកដល់ភូមិ ហើយត្រូវគេបានជូនទៅមណ្ឌលសុខភាពខ្នងភ្នំ តែដោយមានស្ថានភាពធ្ងន់ធ្ងរក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។

តាមការស្តាប់បំភ្លឺឈ្មោះ ឆាយ គង់វង់ ភេទប្រុស អាយុ៦ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) បានឲ្យដឹងថាម្តាយរបស់គេជាអ្នកចាក់សាំងដុតឪពុករបស់ខ្លួន ដោយសារកាលពីព្រឹកចន្លោះម៉ោង៩ នៃថ្ងៃខែឆ្នាំកើតហេតុ ឪពុក ម្តាយខ្លួនមានជម្លោះនិងគ្នា លុះពេលរសៀលខណ:ពេលជនរងគ្រោះជាឪពុកកំពុងដេកលក់ ត្រូវបានម្តាយយកសាំងចាក់ស្រោចពីលើដុតតែម្តង ក្នុងហេតុការណ៍នោះក៏បណ្តាលឲ្យប្អូនៗរបស់ខ្លួន២នាក់ទៀតមានឈ្មោះ ឆាយ ស្រីមួយ ភេទស្រី អាយុ៤ឆ្នាំ និងឈ្មោះ ឆាយ ស្រីពី ភេទស្រីអាយុ៣ឆ្នាំ រលាកភ្លើងរងរបួសផងដែរ ដោយពួកគេដេកនៅជិតឪពុកដែរ។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡូញ សាន្ត បានឆ្លើយសារភាពថា រូបគេនិងជនរងគ្រោះគឺជាប្ដីប្រពន្ធនឹងគ្នាតែងតែមានទំនាស់ពាក្យសំដីនិងផ្ទុះអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ ជាក់ស្ដែងនៅថ្ងៃកើតហេតុវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ប្ដីរបស់ខ្លួនបានផឹកស្រាស្រវឹង វាយបំផ្លាញទ្រព្យសម្បត្តិ និងវាយសម្លាប់មាន់ចោលអស់ចំនួន៤ក្បាលហើយខ្លួនបានស្ដីបន្ទោសធ្វើឱ្យប្ដីខឹងស្ទុះមកធាក់ខ្លួនចំចង្កេះចំនួន ២ជើងបណ្ដាលឱ្យដួល។ ក្រោយមកនៅវេលាម៉ោង១៤:០០នាទី ថ្ងៃខែឆ្នាំដដែលខណ:ពេលដែលប្ដីកំពុងដេកលង់លក់នៅក្នុងខ្ទមចាំចម្ការខ្លួនបានយកសាំងចាក់ស្រោចទៅលើខ្លួនរបស់ប្ដីហើយដុតតែម្ដងបណ្ដាលឲ្យឆាបឆេះរលាកពេញខ្លួន ហើយក្នុងហេតុការណ៍នោះបណ្ដាលឲ្យកូនស្រីរបស់ខ្លួនដែលមានឈ្មោះខាងលើរងរបួសផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

មតិយោបល់