ព័ត៌មានជាតិ

សាហាវណាស់! ប្តីខឹងប្រពន្ធជេរម៉ែរអ៊ូង៉ូវៗ ស្រាប់តែផ្ទុះកំហឹងទាញប៉័ងតោកាប់ ចំនួន៤កាំបិត បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់ បានផ្ទុះកំហឹងទាញកាំបិតប៉័ងតោកាប់ ទៅលើស្រ្តីប្រពន្ធចំនួន៤កាំបិត បណ្តាលអោយស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែខឹងប្រពន្ធ ជេរម៉ែ ហើយបានទៅគេងលើអង្រឹងរអ៊ូរទាំងង៉ូវៗ ។

ការប្រើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២១ នៅត្រង់ចំណុចរោងកម្មករ ស្ថិតតាមផ្លូវជាតិលេខ៦ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ បន្ទាប់ពីប្រើហិង្សា ប្តីរូបនោះក៏បានកាន់កាំបិតប៉័ងតោ ដើរចូលទៅកន្លែងយាមរបស់សន្តិសុខ ប្រគល់ខ្លួនឲ្យតែម្តង ។
ជនសង្ស័យដែលកាប់សម្លាប់ប្រពន្ធឈ្មោះ ញឹម ពិសិដ្ឋ អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ចំណែកឯជនរងគ្រោះ ដែលជាប្រពន្ធឈ្មោះ វែង នី អាយុ៣៥ឆ្នាំ មុខរបរលក់អីវ៉ាន់ចាបហួយ ស្នាក់នៅកន្លែងកើតហេតុ ។

តាមនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនដៃដល់បានប្រើកាំបិតប៉័ងតោកាប់ ទៅលើនារីជាភរិយាចំនួន៤កាំបិត នៅពេលកំពុងតែដេកលើ អង្រឹង បន្ទាប់ពីមានទំនាស់គ្នាក្នុងគ្រួសារ ។ តាមព័ត៌មានអោយដឹងទៀតថា នៅវេលាម៉ោងប្រមាណ៩និង២០នាទីព្រឹកថ្ងៃកើតហេតុ ខណៈពេលដែលនារីជាប្រពន្ធបានទៅផ្សារ បុរសជាប្តីក៏បានទៅទិញស្រាថ្នាំ អោយកម្មករដូចគ្នាកន្លះដបទឹកសុទ្ធក្នុងតម្លៃ ១៥០០រៀល ។ បន្ទាប់ពីទិញស្រាបានហើយ ត្រូវបានកម្មករដូចគ្នា អោយផឹកមួយកែវ រួចក៏បានធ្វើដំណើរត្រឡប់មកកន្លែងលក់ចាបហួយវិញ ។ លុះនៅវេលាម៉ោងប្រមាណ១០ ព្រឹកនារីជាប្រពន្ធក៏បានធ្វើដំណើរត្រឡប់មកពីផ្សារវិញ ហើយទំនងជាខឹងប្រពន្ធទៅផ្សារយូរ ក៏មានទំនាស់គ្នាយ៉ាងខ្លាំង ។

តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីទាស់ទែងគ្នា នារីជាប្រពន្ធបានដើរទៅគេងយោលអង្រឹង ហើយបានស្រែកជេរម៉ែបុរសជាប្តី ដដែលនិងរអ៊ូង៉ូវៗ ធ្វើអោយបុរសជាប្តីទ្រាំមិនបានផ្ទុះកំហឹង ស្ទុះទៅយកកាំបិតប៉័ងតោកាប់ ទៅលើស្រ្តីជាប្រពន្ធចំនួន ៤កាំបិតចំថ្ពាល់ឆ្វេង ១កាំបិត, ដៃឆ្វេងចំនួន២កាំបិត និងស្មាឆ្វេង១កាំបិត បណ្តាលអោយរងរបួសធ្ងន់ ឈាមហូរពេញអង្រឹង ។ ភ្លាមៗ នោះត្រូវបានបងប្អូន និងអ្នកជិតខាងបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈតែត្រូវបានក្រុមគ្រួសារអោយដឹងថា ស្លាប់បាត់ទៅហើយ ។

តាមនគរបាលអោយដឹងថា បន្ទាប់ពីប្រើហិង្សា ជនដៃដល់ក៏បានកាន់កាំបិត ដើរចូលទៅកន្លែងសន្តិសុខ ចាប់វាយខ្នោះ ហើយ នគរបាលប៉ុស្តិ៍ ចុះទៅអន្តរាគមន៍នាំខ្លួនមកសាកសួរ និងចាត់ការតាមច្បាប់ ។ សពត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី នៅឈាបនដ្ឋានវត្តបាក់ខែង ៕

មតិយោបល់