បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៨ នឹង ៥០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនាត្រង់ចំណុចក្រុមទី០៥ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកទំនិញធុនធ្ងន់ និងម៉ូតូកង់បី និងរថយន្តធុនតូច បណ្តាលអោយមនុស្សចំនួន ០២នាក់ រងរបួសស្រាល។
លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានអោយដឹងថា មានរថយន្តដឹកទំនិញធុនធ្ងន់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ផ្លាកលេខ បាត់ដំបង 3A-3825 បើកបរពីទិសខាងត្បូងទៅជើង ដល់ចំណុចកើតហេតុបានបុកម៉ូតូកង់បី បើកបរក្នុងទិសដៅស្របចំពីក្រោយ រួចរ៉េចង្កូតទៅមុខទៀតក្រឡាប់លើរថយន្តម៉ាកណាវ៉ារ៉ា ពណ៍ស ស៊េរីឆ្នាំ២០០៦ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-3690 ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកយានយន្តទាំង ០៣គ្រឿង កកស្ទះពេញផ្លូវ។ ក្នុងនោះរួមមាន ១.អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយឈ្មោះ ចាន់ រដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ២.អ្នកបើករបរម៉ូតូកង់បីឈ្មោះ វង្ស សុខនី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង របួសស្រាល និង៣.អ្នកបើករបររថយន្តណាវ៉ារ៉ាឈ្មោះ យួម សុផាត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រងរបួសស្រាល។
ករណីនេះ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបានចុះធ្វើការធ្វើការត្រួតពិនិត្យនិងវាស់វែង រួចប្រគល់ឱ្យការិយាល័យជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់