ព័ត៌មានជាតិ

Update៖ រថយន្តស្ទូចបើកទាក់ទាញដាច់ខ្សែភ្លើង បណ្ដាលឲ្យទុស្សេឆេះដំបូលផ្ទះប្រជាពលរដ្ឋ

ភ្នំពេញៈ រថយន្តស្ទូចមួយគ្រឿង អ្នកបើកបរធ្វេសប្រហែស បើកទាក់ទាញខ្សែភ្លើងតាមផ្លូវ បណ្តាលឲ្យឆ្លងទុស្សេ ក្លាយជា អគ្គិភ័យឆាបឆេះខ្សែភ្លើង សំបកកង់ម៉ូតូចាស់ ជាទ្រនាប់កល់ទ្រខ្សែភ្លើង លើដំបូលផ្ទះប្រជាពលរដ្ឋ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យអង្គភាព៧១១ ចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តស្ទូចមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ AT11 3-0309 ដឹកបេតុងលូ ចេញពីការដ្ឋានក្បែរនោះ ឡើងផ្លូវជាតិលេខ៣ តែដោយសារការធ្វេសប្រហែសរបស់អ្នកបើកបរ បើកទាក់ខ្សែភ្លើង ខ្សែកាបចម្រុះជាប់ទាំងរមូ ទាញដាច់ធ្លាក់របាយ គងលើដំបូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យទុស្សេឆ្លងឆេះចេញជាអណ្តាតភ្លើង នៅលើដំបូលផ្ទះ បង្កឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ នាំយកបំពង់ពន្លត់អគ្គិភ័យចំនួន៨ បាញ់តែមិនរលត់ បន្តហុយផ្សែងខ្មួល ផ្អើលសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅអន្តរាគមន៍ បាញ់ទឹកលើដំបូលផ្ទះ ដោយប្រើប្រាស់ទឹក អស់មិនដល់មួយស៊ីទែនផង ភ្លើងក៏រលត់ទៅវិញភ្លាមៗ នាវេលាម៉ោង១១ព្រឹក ថ្ងៃដដែល ។

ករណីខាងលើ ស្របពេលដែលបងប្អូនប្រជាពលរដ្ឋ កំពុងភ័យស្លន់ស្លោ អ្នកបើកបររថយន្តស្ទូច បានគេចខ្លួនបាត់ បន្សល់ទុករថយន្ត នៅទាក់ជាប់ខ្សែភ្លើង ។ ហើយសមត្ថកិច្ចប៉ុស្តិ៍ ខណ្ឌកំបូល មន្ត្រីខាងអគ្គិសនី ចុះទៅពិនិត្យផ្ទាល់ដល់ចំណុចខាងលើ ។

អគ្គិភ័យខាងលើ មិនបណ្តាលឲ្យខូចខាតដល់ផ្ទះប្រជាពលរដ្ឋឡើយ ឆេះតែខ្សែភ្លើង និងសំបកកង់ម៉ូតូ ចាស់ៗដែលម្ចាស់ផ្ទះនីមួយៗ ដាក់ធ្វើជាទ្រនាប់កល់ខ្សែភ្លើង សំណាងល្អជួយពន្លត់ទាន់។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កខាងលើ ក្រោយពីខាងអគ្គិសនី ដោះលើកយកខ្សែភ្លើងចេញហើយ នឹងត្រូវប្រគល់ជូនទៅការិយាល័យ ចរាចរណ៍ជើងគោក ស្នងការក្រុង រង់ចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

មតិយោបល់