បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានទទួលបណ្តឹងឈ្មោះ រ៉ាយ ធឿត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីលួចមានស្ថានទម្ងន់ទោស (គាស់បង្អួច) នៅចំនុចក្រុមទី១៥ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
ក្រោយពីទទួលពាក្យបណ្តឹងភ្លាម កំលាំងនគរបាលក្រុងបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងមានការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យចំនូន០៣នាក់ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី។ ជនសង្ស័យទាំង៣នាក់រួមមាន ១.ឈ្មោះ មឿក មករា ហៅ វីន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២.ឈ្មោះ សុខ បាន ហៅ ស ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង៣.ឈ្មោះ កែវ ចំរើនស័ក ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិខ្វិត ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរពាក់ពន្ធ័ករណីអំពើលួច ក្រោយសាកសួរខ្លួនបានសារភាពថា ខ្លួននិងបក្សពួកពិតជាបានលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះពិតប្រាកដមែន។ សំភារៈដកហូតរួមមាន៖ ម៉ាស៊ីនចំលងសោរ ចំនួន០២គ្រឿង, ម៉ូតូម៉ាកធូដេ,ពណ៏ខ្មៅចំនួន០១ លេខតួនិងលេខម៉ាស៊ីន១៥៩៣០៥៣,ទូរសព្ទ័ដៃម៉ាកសាំស៊ុងចំនួន០១គ្រឿង ពណ៌ត្រួយចេក។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់