ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ រត់ចូលកង់រថយន្ត ខណៈកំពុងបើកបរ បណ្តាលឲ្យកិនស្លាប់ នៅកន្លែងកើតហេតុ

កំពង់ឆ្នាំង: នៅថ្ងៃ ព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៦និង០០ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ក្មេងប្រុសម្នាក់រត់ចូលកង់រថយន្តដឹកដី បណ្តាលឲ្យកិនស្លាប់ នៅកន្លែងកើតហេតុ លើផ្លូវក្រាលកៅស៊ូលេខ៥០-សេ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តដឹកដី១គ្រឿង ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង 3A-0471 បើកបរដោយឈ្មោះ ដា ភេទប្រុស អាយុ៤២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានទិសដៅពីលិចទៅកើត លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនរងគ្រោះម្នាក់ឈ្មោះ ភាព មន្រ្ទី ភេទប្រុស អាយុ០៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានរត់ចូលកង់រថយន្តខាងក្រោយ បណ្តាលឲ្យកិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ភ្លាមៗនោះតៃកុងបានទុករថយន្តចោល នៅនឹងកន្លែងកើតហេតុ រួចហើយបានចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើកំណត់ហេតុ យករថយន្តបង្កទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់