កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទីព្រឹក មានករណីហិង្សាដោយចេតនា (កូនវាយម្តាយ) ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ហម សុខហេង ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ សង្កាត់កើតហេតុ ។
ចំណែកជនសង្ស័យ ត្រូវជាកូនបង្កើតឈ្មោះ វុន ម៉េង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ សង្កាត់កើតហេតុ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ កាំបិតប៉័ងតោ ប្រវែង៣១សង់ទីម៉ែត្រចំនួន០២ ។
ផលប៉ះពាល់៖ ជនរងគ្រោះមានរបួសស្នាម ហើមត្រង់កដៃខាងឆ្វេង ។
ដំណើររឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាខាងលើ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន បណ្តាយអោយបែកស្មារតី ហើយបានរករឿងគំរាមទារលុយម្តាយ មួយម៉ឺនរៀល ដើម្បីទៅទិញគ្រឿងញៀនជក់បន្តទៀត តែម្តាយមិនអោយ ក៏បានចាប់អូសដៃម្តាយ ហើយរុញម្តាយរបស់ខ្លួនចំនួន២ដងផ្ទុបនឹងជញ្ជាំង បណ្តាលអោយហើមត្រង់កដៃខាងឆ្វេង មានរបួសស្នាមតែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន អោយចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីអនុវត្តតាមនីតិវិធីតែម្តង ។
តាមការសាកសួរជនសង្ស័យឆ្លើយថា គាត់ពិតជាបានប្រើប្រាស់គ្រឿងញៀន រួចហើយគំរាមទារលុយម្តាយ និង បានរុញម្តាយរបស់ខ្លួនផ្ទុបនឹងជញ្ជាំង បណ្តាយអោយមានរបួសស្នាម ត្រង់កដៃខាងឆ្វេង ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់