ព័ត៌មានជាតិ

បំបែកសំណុំរឿង ករណីលួចមានស្ថានទម្ងន់ទោស បាញ់ដោយអាវុធខ្លី នៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ចាម ឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០៥នាក់

កំពង់ចាមៈ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង៤៥នាទី ដោយទទួល បានអនុសាសន៍ចង្អុល ការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម, លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ដកំពង់ចាម បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងជំនាញរបស់ ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ឋី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សាន សុភ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្ដិការបង្រ្កាបក្រុមលួចមានស្ថានទម្ងន់ទោស បាញ់ដោយអាវុធខ្លី យ៉ាងសកម្មនៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ចាម ។

ជាលទ្ឋផលសមត្ថកិច្ច បង្រ្កាបចាប់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រួមមាន៖
១.ឈ្មោះ ឡាំ ឆុន ហៅ ឈុន វីរះ ហៅ ឡុងសម្បត្តិ ហៅ ឡុង ធា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត ។ ២.ឈ្មោះ ដេត សុផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអំពិលតាពក ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ៣.ឈ្មោះ ហោ ស្រីអូន ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្នុងប្រតិបត្តិការ ចុះបង្រ្កាបដកហូតវត្ថុតាងរួមមាន៖ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន០៣គ្រឿង (ធុនសេ១២៥ ចំនួន០២គ្រឿង និងម៉ូតូម៉ាក វីហ្សិន ចំនួន០១ គ្រឿង) , ផ្លាកលេខម៉ូតូចំនួន១៤ ស , អាវុធខ្លីចំនួន០១ដើម (ម៉ាក k59 ) , គ្រាប់ចំនួន១០គ្រាប់ , សោកាច់ចំនួន២៣គ្រាប់ និងសម្ភារៈវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពចំនួន១៥លើក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ហើយម៉ូតូដែលធ្វើសកម្មភាពយកបានពីអំពើលួច គឺបានយកទៅលក់ឲ្យ មុខសញ្ញាទទួលផលចោរកម្ម នៅរាជធានីភ្នំពេញ ។

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានចម្លើយសារភាពពីឈ្មោះ ឡាំ ឆុន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយទទួលបានការសហការ ពីកម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្តចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបាន មុខសញ្ញាទទួលផលចោរកម្មបានចំនួន០២នាក់ទៀត នៅចំណុចតាមផ្លូវវិមាន ឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញគឺ៖

១-ឈ្មោះ សួន រស្មី ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
២-ឈ្មោះ អ៊ួង សុខគា ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ដកហូតសម្ភារៈវត្ថុតាងរួមមាន៖
១-រថយន្តចំនួន០១គ្រឿង ម៉ាក កាម៉ារី ពណ៌ស ពាក់ផ្លាក់លេខ ២AQ-៩០៦៨ (ប្រើប្រាស់ផ្លាកលេខក្លែងក្លាយ) ។
២-ទូរស័ព្ទដៃចំនួន០២គ្រឿង។
៣-អត្តសញ្ញាណប័ណ្ណនគរបាលជាតិ (ក្លែងក្លាយ) មានឈ្មោះ បូ សំបេត ឋានន្តរស័ក្កិ អនុសេនីយ៍ឯក ឋានៈមន្ត្រី អត្ថលេខ ៥៧៤៤៧ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់