ព័ត៌មានជាតិ

ឈ្លោះប្រកែកគ្នារឿងជំពាក់លុយ ជនសង្ស័យ៣នាក់ វាយជនរងគ្រោះនឹងពូថៅ បណ្តាលឲ្យបែកក្បាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន២នាក់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា​ ថ្ងៃច័ន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នគរបាលឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនា បណ្តាលឲ្យអ្នកដទៃរបួសស្នាម បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង​១១និង ០៥នាទី ថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ នៅចំណុចភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង០៣នាក់ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានទៅជួបជនរងគ្រោះដែលកំពុងតែរាស់ស្រែ ហើយសួររឿងលុយដែលជនរងគ្រោះ ជំពាក់ចំនួន៧០ម៉ឺនរៀល ហើយជនរងគ្រោះបានប្រាប់ថា ខ្ញុំកំពុងតែធ្វើការរកលុយសងបង ហើយជនរងគ្រោះ និងជនសង្ស័យ បានឈ្លោះប្រកែកគ្នាតឹងមាត់តឹងក ។

ជនសង្ស័យ ១-ឈ្មោះ វេង វ៉ាន ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ (បានរត់គេចខ្លួន) ។ ២-ឈ្មោះ ឡន ឡុង ភេទប្រុស អាយុ២៦ឆ្នាំជន ជាតិខ្មែរ ។ ៣-ឈ្មោះ សាន សុវណ្ណេត (ហៅ ចិក) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ។

ជនសង្ស័យទាំង០៣នាក់ មានទីលំនៅភូមិ បឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្នុងដៃជនសង្ស័យមានកាន់ពូថៅ ដំបង មែកត្រាច វាយទៅលើជនរងគ្រោះ ចំក្បាលបែកហូរឈាម និងវៃក្បាលជង្គង់ ខ្លួនប្រាណ បណ្ដាលឲ្យដួលទៅនឹងដី (រងរបួសធ្ងន់) រួចក៏មានអ្នកជិតខាងជួយឃាត់ ។

លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនសួរនាំ ហើយជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាពវាយ ទៅលើជនរងគ្រោះនោះមែន មូលហេតុជនរងគ្រោះ ជំពាក់លុយមិនសង​ ។ បន្ទាប់ពីស្តាប់ចម្លើយសារភាព របស់ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥ និង ១៩នាទី ដើម្បីរៀបចំនីតិវិធីច្បា​ប់​ ៕

មតិយោបល់