ព័ត៌មានជាតិ

វ៉ាក់សាំង Sinovac ដែល​ត្រូវ​ផលិត​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​នឹង​ត្រូវបាន​គេ​ដាក់ឈ្មោះថា Sinovac-Vacsera

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អេ​ហ្ស៊ី​ប លោកស្រី Hala Zayed បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​អេ​ហ្ស៊ី​ប​នឹង​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ Sinovac របស់​ប្រទេស​ចិន​នៅក្នុង​ខែមិថុនា​ខាងមុខនេះ​។​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង Cairo លោកស្រី​រដ្ឋមន្ត្រី​រូបនេះ​បាន​និយាយថា វ៉ាក់សាំង​ចំនួន ២​លាន​ដូ​ស​ដំបូង​នឹងត្រូវ​ផលិត​នៅក្នុង​ខែមិថុនា​ខាងមុខនេះ​នៅឯ​រោងចក្រ​របស់​ក្រុមហ៊ុន​អេ​ហ្ស៊ី​ប​ដើម្បី​ផលិត​ជីវសាស្ត្រ និង​វ៉ាក់សាំង (VACSERA)​។​

​លោកស្រី Zayed បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា «​យើង​នឹង​ទទួលបាន​ការដឹកជញ្ជូន​វត្ថុធាតុដើម​ដំបូង​ដែល​ត្រូវការ​ដើម្បី​ផលិត​វ៉ាក់សាំង​នេះ​នៅ​ថ្ងៃទី ១៨ ខែឧសភា​»​។ លោកស្រី​បាន​និយាយ​បន្ថែមថា វ៉ាក់សាំង​ចំនួន ៤០​លាន​ដូ​ស​នឹងត្រូវ​ផលិត​ក្នុង​ឆ្នាំ​ដំបូង​។​

​លោកស្រី Zayed បាន​កត់សម្គាល់ថា កិច្ចព្រមព្រៀង​ចំនួន​ពីរ​ត្រូវបាន​ចុះហត្ថលេខា​រវាង Sinovac និង VACSERA កាលពី​ក្នុង​ខែមេសា ដោយ​កិច្ចព្រមព្រៀង​ទី ១ អាចឱ្យ​ភាគី​អេ​ហ្ស៊ី​បទ​ទួលបាន​ជំនាញ និង​ជំនួយ​បច្ចេកទេស​ក្នុង​ការផលិត​វ៉ាក់សាំង ខណៈដែល​កិច្ចព្រមព្រៀង​ទី ២ បានផ្តល់​ឱ្យ​ក្រុមហ៊ុន VACSERA នូវ​អាជ្ញាប័ណ្ណ​ដើម្បី​ផលិត និង​វេច​ខ្ចប់​វ៉ាក់សាំង​នៅក្នុង​រោងចក្រ​របស់ខ្លួន​។​

​លោកស្រី​រដ្ឋមន្ត្រី​រូបនេះ​បាន​បង្ហាញថា វ៉ាក់សាំង Sinovac ដែល​ត្រូវ​ផលិត​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​នឹង​ត្រូវបាន​គេ​ដាក់ឈ្មោះថា Sinovac-Vacsera ។​

​ប្រទេស​អេ​ហ្ស៊ី​ប​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​ពេទ្យ​នៃ​មន្ទីរពេទ្យ​រដ្ឋ​កាលពី​ចុងខែ​មករា ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ឈានមុខ​គេ Sinopharm ដែលជា​វ៉ាក់សាំង​ដំបូង​ដែល​បានអនុម័ត​ដោយ​អាជ្ញាធរ​ឱសថ​របស់​អេ​ហ្ស៊ី​ប​។​

​កាលពីដើម​ខែមីនា ប្រទេស​អារ៉ាប់​ដែលមាន​ប្រជាជន​ច្រើនជាងគេ​នេះ​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​មនុ​ស្សវ័យ​ចំណាស់ និង​អ្នកជំងឺ​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​ប្រឆាំងនឹង​មេរោគ​ឆ្លង​កូ​រ៉ូ​ណាវី​រុស​។​

​រហូតមកដល់​ពេលនេះ ប្រទេស​អេ​ហ្ស៊ី​ប​បាន​រាយការណ៍​អំពី​ករណី​ជំងឺ​កូ​វីដ​-១៩ ចំនួន ២៣៦ ២៧២​នាក់ ដែល​ត្រូវបាន​គេ​រាប់បញ្ចូល​ទាំង​ការស្លាប់​ចំនួន ១៣ ៨៤៥​នាក់ និង ១៧៦ ៣៦៣​នាក់​ដែល​បានជា​សះស្បើយ​ឡើងវិញ​៕

 

មតិយោបល់