បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងងថា នគរបាលស្រុកភ្នំស្រុក នៅវេលាម៉ោង០៤ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានធ្វើការស្ទាក់ឃាត់រថយន្តចំនួន០៤គ្រឿង ដឹកដីលើសទម្ងន់នៅចំណុចផ្លូវអក្សរ (T) ផ្លូវបំបែកទៅឃុំណាំតៅ និងឃុំស្ពានស្រែង ស្ថិតក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក មកធ្វើការអប់រំនិងធ្វើកិច្ចសន្យា នៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុក ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា កន្លងមកមានរថយន្តដឹកស្រូវឬដីខ្សាច់ មានទម្ងន់លើសចំណុះ ដែលជាហេតុបង្កឲ្យស្រុតខូចខាតផ្លូវកៅស៊ូដោយអន្លើ ពីឃុំភ្នំដីទៅឃុំណាំតៅជាច្រើនកន្លែងនៅស្រុកភ្នំស្រុកនោះ ។ តាមបទបញ្ជារបស់ឯកឧត្តម អភិបាលខេត្ត បន្ទាយមានជ័យ អ៊ុំ រាត្រី ក៏ដូចជាបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលស្រុកភ្នំស្រុក ធ្វើការឃាត់រថយន្តដឹកដីខ្សាច់លើសទម្ងន់ចំនួន០៤គ្រឿង ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាលើកទី០១ បញ្ឈប់មិនឲ្យមានការដឹកដីខ្សាច់លើសទម្ងន់ផ្ទុកបន្តទៀត ។ ប្រសិនបើក្នុងករណីមិនព្រមគោរពតាមកិច្ចសន្យាទេនោះ ឃាត់លើកទី០២ សមត្ថកិច្ចនឹងមិនលើកលែងនោះឡើយ គឺអនុវត្តតាមវិធានការរដ្ឋបាល ។
លោកអធិការបានបញ្ជាក់ថា រថយន្តទាំង០៤គ្រឿង ដែលត្រូវបានឃាត់នោះមានម្ចាស់ ១/ឈ្មោះ ហ៊ុយ កង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិភ្នំលៀប.ឃុំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ២/ឈ្មោះជុំ គី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ៣/ឈ្មោះ ព្រំ សុជា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ។ ៤/ឈ្មោះដឿប ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៕
មតិយោបល់