ព័ត៌មានជាតិ

ប្តីប្រពន្ធមួយគូ បើករ៉ឺម៉កម៉ូតូដឹកបន្លែង រកកន្លែងដាក់លក់តាមចិញ្ចើមផ្លូវ មានជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាឆក់យកទូរសព្ទដៃ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ: ប្តីប្រពន្ធមួយគូបានបើករ៉ឺម៉កម៉ូតូដឹកបន្លែង រកកន្លែងដាក់លក់តាមចិញ្ចើមផ្លូវ ខណ:ជិះយឺតៗ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា មកពីក្រោយក៏ធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីប្រពន្ធដែលអង្គុយខាងក្រោយបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅខាងត្បូងស្តុបណូគារ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
តាមប្រភពព័ត៌មានពីជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ យកមកលក់នៅលើចិញ្ចើមផ្លូវម្តុំកន្លែងកើតហេតុ ដោយប្រពន្ធអង្គុយខាងក្រោយចុចទូរស័ព្ទ ខណ:កំពុងជិះយឺតៗ រកកន្លែងឈប់ ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកឃ្លីកមិនចាំផ្លាកលេខ ធ្វើដំណើរមកខាងក្រោយក៏ធ្វើសកម្មភាព ឆក់ទូរសព្ទម៉ាកសាំសុងA20 ពីដៃប្រពន្ធភ្លាមនោះរូបគាត់ស្ទុះទៅចាប់ជនសង្ស័យ តែមិនជាប់ក៏ដួលរងរបួសថ្លោះដៃម្ខាងផងដែរ ចំណែកជនសង្ស័យក៏គេចខ្លួនបាត់តែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះដោយសារតែរវល់លក់បន្លែ ក៏មិនបានទៅដាក់ពាក្យបណ្តឹងនោះទេ រង់ ចាំទំនេរពីការលក់ដូរទើបទៅដាក់ពាក់បណ្តឹង ៕

មតិយោបល់