ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ករណីហិង្សាបង្ករបួសស្នាម កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង ផែនការងារព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា ដោយទទួលព័ត៌មានថា មានករណីហិង្សាបង្កឲ្យមានរបួស ស្នាម (ចាក់នឹងកូនកាំបិតចុងស្រួច) សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ុន លាង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ-សង្កាត់ កើតហេតុខាងលើ ។
លោកស្នងការរងបានបន្ត តាមចម្លើយរបស់ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះ ភិន សេងហុង ហៅតក ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នក្នុង ភូមិ-សង្កាត់កើតហេតុ ត្រូវរបួសត្រង់គល់ដោះខាងឆ្វេង ឆាកទៅលើដោះ ដោយមុនពេលកើតហេតុ ភាគីរងគ្រោះ និងជនសង្ស័យផឹកស៊ីជាមួយគ្នា រួចក៏ទាស់សំដីគ្នា ទើបបណ្តាលមានរឿងហេតុបែបនេះ ។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា បានបញ្ជាក់ឲ្យដឹងថា ចំពោះករណីរឿងនេះ សមត្ថកិច្ចជំនាញ ធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ុន លាង រួមនឹងវត្ថុតាង នៅផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅអយ្យាការអមសាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការតាមច្បាប់ ៕
មតិយោបល់