ខណៈប្រទេសកាន់តែច្រើន នៅអឺរ៉ុប និងអាេមរិក បានចាប់ផ្តើមបើកចំហរឡើងវិញ ជាបណ្តើៗលោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក បានថ្លែងថា ឆ្នាំ២០២១នេះ ចំនួនមនុស្សស្លាប់ដោយកូវីដ១៩ អាចនឹងមានច្រើនជាងក្នុងឆ្នាំ២០២០។ បើគិត ពីចាប់ផ្តើម មានកូវីដ១៩ គឺមនុស្សយ៉ាងហោច ៣លាន៣សែននាក់ហើយ ដែលបានស្លាប់។ អ្វីដែលអ្នកជំនាញ កំពុងតែព្រួយបារម្ភបំផុតនោះ គឺ ការលេចរូបរាង្គ នូវទម្រង់មេរោគបំប្លែងខ្លួនថ្មីៗ ដែលទំនងជាមានកម្រិតឆ្លងរាលដាលខ្លាំង និងអាចបង្កជំងឺកាន់តែធ្ងន់ធ្ងរផងដែរ។
គួរកត់សំគាល់ថា ស្ថានការណ៍នៅប្រទេសឥណ្ឌា កំពុងតែធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង។ ប្រមាណ២សប្តាហ៍មកហើយ ដែលមនុស្សស្លាប់ដោយកូវីដ១៩ ប្រមាណខ្ទង់៤ពាន់នាក់ សឹងជារៀងរាល់ថ្ងៃ។ អ្នកជំងឺកូវីដ១៩ ដេករងចាំសេចក្តីស្លាប់ ដោយមិនអាចទទួលបានការព្យាបាល។ សាកសពមនុស្សច្រើនសន្ធឹក បូជាមិនទាន់ អ្នកខ្លះ បានយកសព ទៅបោះបង់ចោលនៅក្នុងទន្លេគង្គារ។ ជាមួយនឹងប្រជាជនពេញវ័យ ប្រមាណ៦០០លាននាក់ ឥណ្ឌាគ្មានវ៉ាក់សាំងចាក់ឲ្យគ្រប់គ្នាទេ។
ដោយឡែក នៅសហរដ្ឋអាេមរិកវិញ ការចាក់វ៉ាក់សាំង បានប្រព្រឹត្តិធ្វើទៅយ៉ាងលឿនរហ័ស ដោយគិតមកត្រឹមពេលនេះ ៣៥%នៃប្រជាជនអាេមរិក បានទទួលវ៉ាក់សាំង បាន២ដូសគ្រប់គ្រាន់អស់ហើយ។ នេះ គឺមកពីគោលនយោបាយបិទទ្វារជិត ដោយរដ្ឋាភិបាលអាេមរិក ហាមដាច់ខាត មិនឲ្យនាំចេញវ៉ាក់សាំង ដែលផលិតលើដីអាេមរិក ទៅលក់ឲ្យប្រទេសផ្សេងទេ។
ចំណែកនៅអឺរ៉ុប ប្រទេសភាគច្រើន បានចាប់ផ្តើមដកចេញវិធានការរិតបន្តឹង ក្នុងកម្មវត្ថុស្រោចស្រង់សេដ្ឋកិច្ច ខណៈដែល រដូវកាលវិស្សមកាលទេសចរណ៍ កាន់តែខិតជិតមកដល់។ ទោះយ៉ាងនេះក្តី អ្នកជំនាញខ្លះបញ្ជាក់ថា ការឆ្លងរាលដាលកូវីដ១៩ នៅតែមិនទាន់ចុះថយគ្រប់គ្រាន់នោះទេ៕
ប្រភព៖ RFI
មតិយោបល់