ព័ត៌មានជាតិ

មុខសញ្ញាលួចគោចំនួន០២នាក់ នៅស្រុកបវេល ខេត្តបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ចនគរបាលចុះបង្រ្កាប

បាត់ដំបង: នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០០និង១៥នាទីឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំ ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់ណែនាំ របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែននគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន នគរបាលស្រុកបវេល ដឹកនាំធ្វើការស្រាវជ្រាវ និងឈានទៅបង្ក្រាបករណី (លួចគោ) ចំនួន០១ករណី នៅមូលដ្ឋានភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ដោយឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់គឺ៖

១-ឈ្មោះ មឿន ថា ភេទប្រុស អាយុ៥៨ ឆ្នាំ រស់នៅភូមិកូប ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។
២-ឈ្មោះ ចុង រ៉ា ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។

ដកហូតបាន៖ -គោចំនួន០៤ក្បាល និងរថយន្តដឹកគោចំនួន០១ គ្រឿង ។

ដំណើររឿងហេតុ៖ នៅថ្ងៃកើតហេតុ មានក្រុមជនសង័្សយមួយក្រុមបានធ្វើសកម្មភាព (លួចគោ) ចំនួន០២ក្បាល របស់ជនរងគ្រោះឈ្មោះ ផាន់ សុខុម ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។ ក្នុងពេលធ្វើសកម្មភាពភា្លមៗ ជនរងគ្រោះបានដឹងហើយផ្តល់ព័ត៌មានជាបន្ទាន់ ទៅដល់សមត្ថកិច្ចនគរបាល ។ លុះទទួលបានព័ត៌មានភ្លាម លោកអធិការបានចាត់ចែងដឹកនាំកម្លាំងស្រាវជ្រាវ និងស្វែងរករហូតឃាត់ខ្លួនបាន ក្នុងបទល្មើសជាក់ស្តែងតែម្តង ។

លោកអធិការបានបញ្ជាក់ថា តាមចម្លើយសារភាព របស់ជនសង័្សយខាងលើ បានបង្ហាញថា បក្ខពួកគេធ្លាប់លួចគោនៅក្នុងមូលដ្ឋាន ស្រុកបវេលនេះចំនួន០២លើក រួចមកហើយ ដែលលើកទី០១លួចបានគោចំនួន០២ក្បាល យកទៅលក់នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ហើយតាមរយ:ការសារភាពនេះ លោកអធិការបានទំនាក់ទំនងទៅសមត្ថកិច្ច នគរបាលខេត្តបន្ទាយមានជ័យ រកឃើញគោចំនួន០២ក្បាលនោះ នាំត្រលប់មកវិញ ដែលសរុបមានចំនួន០៤ក្បាល ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿង បញ្ជូនជនសង័្សយ និងវត្ថុតាងពាក់ព័ន្ធទៅការិយាល័យជំនាញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ រីឯសត្វគោបានប្រគល់ជូនម្ចាស់វិញ ៕

មតិយោបល់