ភ្នំពេញៈ ជនអនាថាម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើសួនច្បារមាត់ទន្លេ កាលពីវេលាម៉ោង៨និង ៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ទល់មុខសណ្ឋាគារឥណ្ឌូចិន ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សាកសពបុរសខាងលើឈ្មោះ វុធ មានអាយុប្រមាណជាង៤០ឆ្នាំ គ្មានទីលំនៅពិតប្រាកដ ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះខាងលើ គេតែងតែឃើញគាត់ផឹកស្រាជាប្រចាំ មិនសូវជាហូបបាយប៉ុន្មាននោះទេ ហើយនៅថ្ងៃកើតហេតុនេះ ជនរងគ្រោះហូបស្រារួច ទើបគាត់ផឹកទឹកតាមក្រោយ ហើយក៏បានផ្តួលខ្លួនដេកនៅក្បែរគល់ឈើលើសួនច្បារខាងលើនោះ រួចក៏ស្រាប់តែគាត់ស្លាប់នៅទីកន្លែងនោះតែម្តង ។ ចំពោះសាកសពបុរសខាងលើ ត្រូវបានគេសង្ស័យជាដំបូងថា គាត់អាចបណ្តាលមកពីខ្យល់គទើបស្លាប់ ។ ប៉ុន្តែនេះជាការសង្ស័យដំបូងតែប៉ុណ្ណោះ រឿងពិតយ៉ាងណានោះ ទាល់តែសមត្ថកិច្ចជំនាញលោកពិនិត្យ ធ្វើកោសល្យវិច្ច័យទើបដឹងច្បាស់ ។ លុះក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅផ្នែកជំនាញ ចុះពិនិត្យលើករណីខាងនេះ ៕
មតិយោបល់