ព័ត៌មានជាតិ

រថយន្តឡិចស៊ីស ពាក់ស្លាកលេខរដ្ឋនិងម៉ូតូបុកគ្នា បណ្តាលឲ្យដាច់កង់ម្ខាងរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តម៉ាកឡិចស៊ីស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខរដ្ឋ01 2-7644 និងម៉ូតូមួយគ្រឿងទៀត ខណ:កំពុងបើកបរបានបុកគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងសងខាង បង្កឲ្យមា​នការភ្ញាក់ផ្អើលកើតឡើង ។

នៅមុនពេលកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាមភ្នាក់ងារអង្គភាពសារព័ត៌មាន យើងខ្ញុំបានចុះទៅដល់ទីតាំងកន្លែង កើតហេតុ ធ្វើបទសម្ភាសន៍អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ រថយន្តនិងម៉ូតូ បានធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ៤៣២ ខណ:បើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុកគ្នាលាន់ឮសូរប្រាវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ករណីនេះ បណ្តាលឲ្យរថយន្តម៉ាកឡិចស៊ីស ពាក់ស្លាកលេខរដ្ឋខាងលើដាច់កង់ក្រោយមួយចំហៀង និងបានរងការខូចខាតយ៉ាងដំណំ ។ ចំណែកឯម៉ូតូនោះវិញក៏បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ។ ក្នុងហេតុការណ៍នេះ មនុស្សបានរងរបួសស្រាល មិនធ្ងន់ធ្ងរនោះទេ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចនគរបាល ដែលចុះទៅអន្តរាគមន៍នៅត្រង់ចំណុចកើតហេតុថា បន្ទាប់ពីកើតហេតុរួច ភាគីទាំងសងខាង បានធ្វើការចរចាដោះស្រាយត្រូវរ៉ូវគ្នារួចរាល់អស់ហើយ ហើយក៏បានដើរចាកចេញ ពីកន្លែងកើតហេតុបាត់អស់ដែរ ។ នៅសល់តែរថយន្តមួយគ្រឿងតែប៉ុណ្ណោះ ដែលម្ចាស់ត្រូវស្ទួចយកទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់