(វ៉ាស៉ីនតោន)៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានសម្រេចដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា និងសមាជិកគ្រួសាររបស់ពួកគេចំនួន ១៦នាក់ ដោយចោទពួកគេថា ជាក្រុមអ្នកគាំទ្រចំពោះការបង្ក្រាបដោយហិង្សា ពីសំណាក់កងកម្លាំងរដ្ឋាភិបាល ទៅលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្នុងចំណោមអ្នកដែលត្រូវបាន ក្រសួងរតនាគារសហរដ្ឋអាមេរិក កត់ឈ្មោះបញ្ជូលក្នុងបញ្ជីខ្មៅនោះរួមមាន សមាជិកក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃរបបយោធាមីយ៉ាន់ម៉ាចំនួន ០៤នាក់, រដ្ឋមន្ត្រីចំនួន ០៧នាក់, ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលគ្រប់គ្រងដោយរបបយោធា និងទេសាភិបាលធនាគារកណ្តាលមីយ៉ាន់ម៉ាផងដែរ។
ការដាក់ទណ្ឌកម្មនេះមានគោលបំណង ដើម្បីរារាំងពួកគេមិនឱ្យចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុសកល តាមរយៈការហាមឃាត់បុគ្គល និងក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក រួមទាំងធនាគារបរទេសនានា ដែលមានសាខានៅសហរដ្ឋអាមេរិក ពីការធ្វើជំនួញជាមួយបុគ្គល និងអង្គភាពមីយ៉ាន់ម៉ា ដែលមានឈ្មោះក្នុងបញ្ជីខ្មៅ។ ការដាក់ទណ្ឌកម្មថ្មីៗបន្ថែមនេះទៀតសោត កើតមានឡើងក្រោយពីមានសេចក្តីរាយការណ៍ថា មនុស្សជាង ៨០០នាក់ហើយបានស្លាប់ ដោយសារតែការបង្ក្រាបបាតុកម្ម នៅទូទាំងប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២១៕
AFP៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១
មតិយោបល់