ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ជនសង្ស័យម្នាក់ ករណីរំលោភសម្លាប់ក្មេងស្រីរងគ្រោះ រួចយកសាកសពទៅបោះចោលក្នុងទឹកត្រពាំង

ឧត្តរមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី មានប្រជាពលរដ្ឋរាយការណ៍ បានប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញផែនព្រហ្មទណ្ឌ និងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះស្រាវជ្រាវសាវតាជនរងគ្រោះមានឈ្មោះ ងួយ សុណី ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មុខរបរកសិករ ។

តាមការបំភ្លឺពីឪពុក-ម្តាយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះព្រីងទុំនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ បានប្រាប់មេភូមិ និងអ្នកជិតខាងឲ្យជួយរក រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី ទើបប្រទះឃើញសពដេកស្លាប់តែម្តង ។

បន្ទាប់ពីជំនាញបានធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស៊ើបអង្កេត កំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អឿម សារី (ហៅស្រ៊ី) ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភ និងសម្លាប់ជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសព ទៅបោះចោលក្នុងត្រពាំង ដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះ យកទៅទំលាក់ចូលក្នុងអូរ ចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ម៉ែត្រ ។

បច្ចុប្នន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់