ព័ត៌មានជាតិ

អង់​ទី​ប៊ីយ៉ូ​ទីក ប្រើ​លើ​ទារក​អាយុ​តិចជាង ៦ ខែ នឹង​បង្ក​ឱ្យមាន​រោគ​ចុក​ខ្លាញ់​

​ការសិក្សា​ស្រាវជ្រាវ​មួយ បាន​សំយោគ​សេចក្ដី កាលពី​ថ្ងៃ​អង្គា ទី ២២ ខែ​សីហា ឆ្នាំ ២០១២ កន្លង​ទៅ​ថ្មីៗ​នេះ​ថា ការ​ឱ្យ​ថ្នាំ​ដែល​មាន​លក្ខណៈ ប្រឆាំង​ទៅនឹង​ជី​វះ (​អង់​ទី​ប៊ីយ៉ូ​ទីក antibiotiques) ទៅឱ្យ​ទារ​កមាន​អាយុ តិចជាង ៦ ខែ ប្រើ​នៅ​ថ្ងៃនេះ អាច​នឹង​បង្ក​ឱ្យ​ទារក​នេះ មាន​រោគ​ធាត់​ចុក​ខ្លាញ់ នៅពេល​ធំ​ឡើង​។​

​អ្នក​សហ​ស្រាវជ្រាវ​ម្នាក់ គឺ​លោក ឡេ​អូណា​ដូ ត្រា​សាន​ដេ (Leonardo Trasande) មក​ពី​សកល​វិទ្យាល័យ ញ៉ូយ​ក​នៃ​សហរដ្ឋអាមេរិក បាន​គូសបញ្ជាក់ថា «​យើង​ធ្លាប់តែ​បានគិត​ថា រោគ​ធាត់​ចុក​ខ្លាញ់ មាន​កើត​តែ​នៅលើ​មនុស្ស​ធំ នៅពេលដែល​មនុស្ស​នោះ ទទួលទាន​អាហារ​ច្រើន​ជ្រុល និង​មិន​ធ្វើ​កីឡា​ឱ្យបាន​គ្រប់គ្រាន់​។ តែ​ការសិក្សា​ស្រាវជ្រាវ កាន់តែ​ច្រើនឡើងៗ បាន​ពន្យល់ថា វា​មាន​ភាពស្មុគ្រស្មាញ ជាង​អ្វីដែល​យើង​គិត​នេះ​ទៀត​។​»

​លោក​បាន​បន្ថែមថា «​អង្គ​ការពារ​ដែល​មាន​វត្តមាន នៅក្នុង​ពោះវៀន​របស់​មនុស្ស​យើង វា​អាច​ដើរតួ​យ៉ាង​សំខាន់ នៅក្នុង​បរិបទ មួយ ខណៈពេល​ដែល​យើង​ស្រូប​យក​ថាមពល (​កា​ឡូរី​)​។ តែ​ការ​លេប​ចូលទៅ​ក្នុង​ពោះ នូវ​ប្រភេទ​ថ្នាំ អង់​ទី​ប៊ីយ៉ូ​ទីក នេះ វា​នឹង​អាច​សម្លាប់​អង្គ​ការពារ​ទាំង​នោះ ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំង ក្នុងកា​រទប់ កា​ឡូរី ដែល​មាន​នៅ​ក្នុង​អាហារ នៅពេលដែល​យើង​ញ៉ាំ​ចូលទៅក្នុង​ខ្លួន​។ ម្យ៉ាងទៀត អង្គ​ការពារ​ទាំង​នោះ នឹង​អនុញ្ញាតិ​ឱ្យ​យើង​គ្រប់​រូប​នៅ​រក្សា​រូបរាង បាន ស្គម​ល្អ​។​»

​បណ្ដា​អ្នក​សិក្សា​ស្រាវជ្រាវ បាន​ពិសោធន៍ និង​ពិនិត្យ​ករណីនេះ ទៅលើ​ទារក ចំនួន ១១,៥៣២ នាក់ ដែល​ទើបនឹង​ចាប់កំណើត នៅ​ទីក្រុង អេ​វុន (Avon) ប្រទេស​អង់គ្លេស កាលពី​ឆ្នាំ ១៩៩១ និង ១៩៩២ កន្លងទៅ​។ អ្នកស្រាវជ្រាវ បាន​រកឃើញថា ទារក​អាយុ​តិចជាង ៥ ខែ ដែល​បាន​ទទួល​ថ្នាំ អង់​ទី​ប៊ីយ៉ូ​ទីក បាន​ឡើង​ទម្ងន់​រីក​មាឌ​ខ្លាំង និង​ច្រើន​ជាង បើ​ប្រៀបធៀប​ទៅ​នឹង​កុមារ​ផ្សេងទៀត ដែល​មិន​បាន​ប្រើ​ថ្នាំ​ប្រភេទ​នេះ​។​

​អ្នក​ចិញ្ចឹម​គោ បាន​ប្រើប្រាស់ ថនាំ​ប្រភេទ​នេះ ដើម្បី​ឱ្យ​គោ​ធា​ត់​

​បើទោះបីជា​មាន​ការខុស​គ្នា​ថា មាន​ការឡើង​ទម្ងន់ មាន​ទំហំ​តិចតួច រវាង​ពី ១០ ខែ ទៅ ២០ ខែ​ក៏​ដោយ ក៏​ការឡើង​ទម្ងន់​នេះ មាន​ភាព​គួរឱ្យកត់សម្គាល់ នៅពេល​កុមារ​មាន​អាយុ ៣ ឆ្នាំ និង ២ ខែ​។ ជាពិសេស​មក​ដល់​អាយុ​នេះ កុមារ​ដែល​ទទួល​ការព្យាបាល ជាមួយនឹង​ប្រភេទ​ថ្នាំ អ៊​ង់​ទី​ប៊ីយ៉ូ​ទីក នៅ​អំឡុង​ពេល​ទើប​នឹង​កើត​ពី​ពោះ​ម្ដាយ​នេះ មានសង្ឃឹម​ថា នឹង​អាច​ឡើង​ទម្ងន់​ប្រមាណ​ជា ២២% បន្ថែមទៀត​។ តែ​សម្រាប់​ទារក​ដែល​មាន​អាយុ​លើសពី ៥ ខែ ហើយ​បាន​ទទួល​ការប្រើប្រាស់ ថ្នាំ​ប្រភេទ​នេះ គេ​មិន​បាន​សង្កេតឃើញថា មាន​សកម្មភាព​ឡើង​ទម្ងន់ អ្វី​ខ្លាំងក្លា​ឡើយ​។​

​អ្នកស្រាវជ្រាវ​ម្នាក់ទៀត លោក ហ្សា​ង់ ប្លូ​ស្តេន (Jan Blustein) មក​ពី​សកល​វិទ្យាល័យ ញ៉ូយ​ក ដូចគ្នា បាន​សង្កត់ធ្ងន់ថា «​ជា​យូរយារ​ណាស់​មកហើយ ដែល​អ្នក​ចិញ្ចឹម​គោ​ដឹងថា ប្រភេទ​ថ្នាំ អង់​ទី​ប៊ីយ៉ូ​ទីក មាន​សារសំខាន់​ខ្លាំងណាស់ ក្នុងការ ធ្វើឱ្យ​គោ​ធាត់​ឡើង​ទម្ងន់ ដើម្បី​លក់​បាន​ថ្លៃ និង​ចំណេញ​ប្រាក់ បាន​ច្រើន​នោះ​។ បើ​ទោះជា​យើង ត្រូវ​បន្ថែម​ការសិក្សា ស្រាវជ្រាវ​ណា​ផ្សេង​ទៀត ដើម្បី​បញ្ជាក់​ពី​ទិន្នន័យ​នេះ​ក៏​ដោយ ក៏​ការសរុប​លទ្ធផល​ក្នុង​ពេល​នេះ បានបញ្ជាក់​ថា ប្រភេទ​ថ្នាំ​នេះ មាន​ឥទ្ធិពល​ដូចគ្នា ទៅ​លើ​ការ​ធាត់​ចុក​ខ្លាញ់ នៅក្នុង​ជីវិត​មនុស្ស និង​ជា​ពិសេស នៅក្នុង​ជីវិត​កុមារ​»៕​
https://i1272.photobucket.com/albums/y389/domneng/fat_child_729-420x0_zps2f321c8e.jpg

មតិយោបល់