បាត់ដំបងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក្រោមការបញ្ជាផ្ទាល់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចាត់តាំង កម្លាំង នគរបាលអធិការស្រុកសំពៅលូន សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧, កម្លាំងវរសេនាតូច៥៣៣ និង កម្លាំងសឹករងស្រុកសំពៅលូន ឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ធ្វើការឃាត់ខ្លួនមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ចំនួនម្នាក់ ឈ្មោះ អ៊ុល ផេន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដែលបានធ្វើសកម្មភាពលួចនាំមនុស្សចំនួន ៦នាក់ ក្នុងនោះក្មេង ចំនួន ៣នាក់ ដោយនាំឆ្លងអូរព្រំដែនកម្ពុជា-ថៃ ចូលទៅទឹកដីថៃ តាមច្រករបៀងជាប់ភូមិសាស្ត្រចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ។
កម្លាំងសមត្ថកិច្ចយើង បានធ្វើការអប់រំណែនាំឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ចំពោះជនសង្ស័យជាមេខ្យល់មានឈ្មោះខាងលើ កម្លាំងសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់