ព័ត៌មានជាតិ

អាជ្ញាធរកាត់ស្លាកយីហោចំនួន ៥ទៀតហើយ ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ

ភ្នំពេញ: កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌឬស្សីកែវ នៅតែបន្តចាត់វិធានការរំដោះចំណីចិញ្ចើមផ្លូវដោយបានកាត់ស្លាកយីហោ ចំនួន ៥ផ្ទាំង ដែលបានរំលោភលើចំណីផ្លូវសាធារណ:របស់រដ្ឋ និងតម្លើងអក្សរខុសពីអក្សរជាតិ ដោយគ្មានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ ចាប់ពីចំណុចភ្លើងស្តុប៦២R ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ នៅតាមសងខាងបណ្ដោយផ្លូវជាតិលេខ៥ ព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតដល់ស្ពានលោកឧកញ៉ា (លីយ៉ុងផាត) សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បើគិតត្រឹមពេញមួយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។

វិធានការក្ដៅរបស់កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌឬស្សីកែវនេះ ដឹកនាំដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ មន្ត្រីពាក់ព័ន្ធមួយចំនួន និងកងកម្លាំងជិត ៤០នាក់ ។

គួររំឭកផងដែរថា ក្នុងយុទ្ធនាការបន្តរំដោះចំណីចិញ្ចើមផ្លូវ របស់គណ:បញ្ជាការឯកភាពខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា នេះ បានសម្រេចកាត់ស្លាកប៉ាន់ណូ ចំនួន ៣ផ្ទាំង និងដកហូត ដែកអេតចាយមួយចំនួនទៀត ដើម្បីដឹកយកទៅរក្សាទុកពីក្រុមអាជីវករ ដែលបានដាក់តាំងរំលោភចូលចំណីចិញ្ចើមផ្លូវសាធារណ:របស់រដ្ឋ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលចាប់ផ្ដើមអនុវត្តឡើងពីចំណុចព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ហើយនៅថ្ងៃទី២១ កម្លាំងបានបន្តកាត់ស្លាកយីហោចំនួន ៥ទៀត។

ការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណ: ក្នុងការរំដោះចំណីចិញ្ចើមផ្លូវ ពីក្រុមអាជីវករលក់ដូរគ្រប់ប្រភេទនេះដែរ លោកស្រី សួស សូលីដា សូមឲ្យប្រជាពលរដ្ឋចូលរួមសហការគោរពច្បាប់ ទាំងអស់គ្នា ស្ដីពីសុវត្ថិភាពច្បាប់ចរាចរផ្លូវគោក ដោយមិនអនុញ្ញាតឲ្យមានការដាក់តាំង របស់របរផ្សេងៗ លើចិញ្ចើមផ្លូវដាច់ខាត ក្នុងនោះត្រូវទុក១ភាគ៣ នៃចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ៕

មតិយោបល់