ព័ត៌មានជាតិ

មន្ត្រីជំនាញរកឃើញ អាល់កុលក្លែងក្លាយ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន នៅតាមបណ្ដាឱសថស្ថាន និងផ្ទះលក់ទំនិញ

ស្វាយរៀង: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព អាល់កុល ជែលលាងដៃ និងតាមដានតម្លៃទំនិញ នៅតាមបណ្ដាឱសថស្ថាន និងផ្ទះលក់ទំនិញ ក្នុងខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖
– អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៣៣០លីត្រ
– ទឹកដោះគោ ចំនួន ៣៧ដប ស្មើនឹង ១០.៤លីត្រ
– នំកញ្ចប់ ចំនួន ៦៤កញ្ចប់ ស្មើនឹង ០.៩៧គីឡូក្រាម
– ទឹកក្រូចដប ចំនួន ១៩ដប ស្មើនឹង ៦.៦៥លីត្រ ។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅបំផ្លាញចោលភ្លាមៗ ៕

មតិយោបល់