ព័ត៌មានជាតិ

ជនបរទេស៦៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចុះបង្រ្កាបនៅខុនដូមួយកន្លែង ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងខុនដូមួយកន្លែង ឃាត់ខ្លួនជនបរទេសប្រុសស្រី៦៣នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន ស្ថិតតាមដងផ្លូវលេខ២៨៨ កែង៩៥ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៦៣នាក់ ជាជនបរទេសក្នុងនោះស្រី២៩នាក់ រួមទាំងវត្ថុតាំងមួយចំនួន សង្ស័យពាក់ព័ន្ធគ្រឿងញៀន ។

មុននិងកម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្រ្កាបទីតាំងខាងលើ គឺដោយសារតែមានការរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋថា ទីតាំងនេះគឺជនជាតិចិន និងវៀតណាមបានប្រមូលផ្ដុំគ្នាបើកបន្ទប់ដូចជាក្លឹបកម្សាន្ត និងពពាក់ពួនគ្នាប្រើប្រាស់គ្រឿងញៀន ដោយមិនគោរពវិធានការទប់ស្កាត់ នៃការឆ្លងជំងឺកូវីដ១៩ ។ ហើយនៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកស្នងការរង កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអន្តរាគមន៍ពិសេស SDU នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលឡោមព័ទ្ធ និងធ្វើការឆែកឆេររកឃើញវត្ថុតាំងមួយចំនួន សង្ស័យជាសាធាតុញៀន និងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៦៣នាក់ ក្នុងនោះមានជនជាតិចិន និងវៀតណាមទៀត ។

ក្រោយបញ្ចប់ប្រតិបត្តិការខាងលើនេះ ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាំង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅផ្នែកជំនាញ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕

មតិយោបល់