ភ្នំពេញៈ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងដោយអាជីករលក់ដូរ នៅក្នុងផ្សារចោមចៅ បានប្រទះឃើញទារិកាម្នាក់ ត្រូវម្តាយយកទៅទម្លាក់ចោល នៅលើកង់បីរួចរត់គេចខ្លួន បន្ទាប់មកក៏មាននារីម្នាក់ បានយកទារិកានោះមកចិញ្ចឹម ។
ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ចំណុចក្នុងផ្សារចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមការបញ្ជាក់ពីបងប្រុសជាម្ចាស់កង់បីម្នាក់ បានប្រាប់ឲ្យដឹងថា ដំបូងឡើយដោយមានស្រ្តីជាម្តាយ បានយកទារិកា ដែលទើបនិងកើតបានតែ២ថ្ងៃនោះ យកមកផ្ញើរូបគាត់រួចម្តាយទារិកានោះ បានប្រាប់ថាសុំផ្ញើមួយភ្លែត ខ្ញុំចូលទៅរកទិញសម្ភារៈ នៅក្នុងផ្សារ ក្រោយមកបុរសជាម្ចាស់កង់បី បានរង់ចាំស្រ្តីជាម្តាយអស់ជាច្រើនម៉ោង ដោយអត់ទ្រាំចាំពុំបាន ក៏រាយការណ៍ទៅកាន់ សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ ។
ក្រោយពីសមត្ថកិច្ចចុះមកដល់ ស្រាប់តែមាននារីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទដ៏ធំមួយ នៅក្នុងផ្សារចោមចៅ ក៏សុំយកទារិកានោះទៅចិញ្ចឹម និងសុំលិខិតស្នាមពីមេភូមិ និងឃុំសង្កាត់ ដើម្បីទទួលយកទារិការនោះ ទៅដោយស្របច្បាប់ ៕
មតិយោបល់