ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ។ ក្រុមជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៥៥នាទី នៅចំណុចអូរទី៣ ស្ថិតនៅក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងខេត្ត បានឱ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ផ្លាកកលេខៈ រដ្ឋ-661-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933 ក្នុងខណៈពេលដែលជនរងគ្រោះ ចតទុកនៅក្នុងបរិវេណផ្ទះ រួចជិះគេចខ្លួនបាត់ ។
លោកបន្តថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិខ្មែរ នៅចំណុច ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ និងដកហូតបានវត្ថុតាង ម៉ូតូដែលបានបាត់ខាងលើ ដោយផ្លាកលេខម៉ូតូត្រូវបានជនសង្ស័យ ដោះបោះចោល ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី បន្ថែមថា ជនរងគ្រោះឈ្មោះ សាន់ ថាន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមន្ត្រីរដ្ឋករទឹក មានទីលំនៅក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈបាត់បង ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ផ្លាកលេខៈ រដ្ឋ-661-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933 ។
ជនសង្ស័យទី១-ឈ្មោះ តឹក លីវុទ្ធារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី២-ឈ្មោះ ថោង សាវ៉ាត ហៅ ញ៉ក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ (ទំនប់រលក) ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ 5256933 ។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់