ព័ត៌មានជាតិ

ប្រទេស​បារាំង៖ ការ​បើក​ប្រទេស​សម្រាប់​ដំណាក់ការ​ទី២ នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ករណី​ឆ្លង​កូវីដ១៩ ថ្មី​កំពុង​បន្ត​ធ្លាក់​ចុះ

អ្វី​ដែល​ពលរដ្ឋ​បារាំង​បាន​រក​ឃើញ​ថ្មី​សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ការ​បើក​ប្រទេស​នា​ដំណាក់ការ​ទី២ ក្នុង​ថ្ងៃទី១៩ ឧសភា គឺ​សេរីភាព​នៃ​ការ​រស់នៅ ដើរហើរ នោះ​បើ​ទោះ​បី​ជា​សេរីភាព​មួយ​នេះ​នៅ​មិន​ទាន់​ពេញលេញ​ក៏​ដោយ។ គួរ​រម្លឹក​ថា តាំង​ពី​ថ្ងៃ​ផ្ទុះ​ជំងឺ​កូវីដ១៩ ជាង ១ឆ្នាំ​កន្លង​មក បារាំង​បាន​បិទ បើក​ប្រទេស​ចំនួន ៣ដង។

តែ​វិធានការ​បើក​ប្រទេស​លើក​នេះ​ត្រូវ​បាន​ប្រធានាធិបតី​លោក​ម៉ាក្រុង​ធ្វើ​ឡើង​សន្សឹមៗ​ដោយ​ចែក​ចេញ​ជា ៤ដំណាក់ការ​ដែល​បាន​ចាប់​ផ្តើម​លើក​ទី១ ក្នុង​ថ្ងៃទី៣ ឧសភា លើកទី២ ក្នុង​ថ្ងៃទី១៩ ឧសភា​នេះ និង​លើកទី៣ និង​លើកទី៤ នៅ​ថ្ងៃទី៩ និង​ថ្ងៃទី៣០ មិថុនា​ខាង​មុខ។ ចាប់​ពី​ថ្ងៃ​ពុធ ទី១៩ ឧសភា​នេះ​ទៅ បំរាម​គោចរ​ត្រូវ​រំកិល​បន្ថែម ២ម៉ោង​ទៀត​ដោយ​ចាប់​ផ្តើម​ពី​ម៉ោង ៩យប់​ដល់​ម៉ោង ៦ភ្លឺ។

រោងកុន រោងល្ខោន សារៈមន្ទីរ បណ្ណាល័យ កាស៊ីណូ សួនសត្វ​នៅ​កណ្តាល​វាល និង​កន្លែង​រៀបចំ​ពិធី​កំសាន្ត​នៅ​កណ្តាល​វាល​អាច​បើក​ទ្វារ​ទទួល​ភ្ញៀវ​ជា​ថ្មី​ចាប់​ពី​ថ្ងៃ​ទី១៩ ឧសភា​នេះ​ទៅ។ តែ​នៅ​មិន​ទាន់​អាច​ទទួល​ភ្ញៀវ​បាន១០០% នៅ​ឡើយ​ទេ។ ឧទាហរណ៍ រោងកុន រោងល្ខោន​អាច​ទទួល​បាន​ត្រឹម ៣៥% កាស៊ីណូ​ក៏​អាច​ទទួល​បាន​ត្រឹម​តែ ៣៥% ឬ​មួយ​ក៏ ៥០% សម្រាប់​សួនសត្វ​នៅ​កណ្តាល​វាល និង​សម្រាប់​ពិធី​កំសាន្ត​នៅ​កណ្តាល​វាល។ ចំណែក​នៅ​បណ្ណាគារ​ត្រូវ​ទុក​កៅអី​មួយ​ឲ្យ​នៅ​ទំនេរ​សម្រាប់​កៅអី​ពីរ។ បន្ទាប់​មក ហាងលក់ទំនិញ​មិន​ចាំ​បាច់​ដែល​បាន​បិទ​ទ្វារ​តាំង​ពី​ដំណាច់​ខែ​មីនា​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ទ្វារ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី១៩ ឧសភា​នេះ​ទៅ។

តែ​អ្នក​ដែល​ហាក់​បាន​ធូរទ្រូង​ខ្លាំង​ជាង​គេ គឺ​ម្ចាស់​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​ដែល​បាន​បិទទ្វារ​តាំង​ពី​ជាង ៦ខែ​មក​ហើយ។ នៅ​ក្នុង​ការ​បើក​ប្រទេស​ដំណាក់ការ​ទី២ ចាប់​ពី​ថ្ងៃទី១៩ ឧសភា​នេះ ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​អាច​បើក​ទ្វារ​ទទួល​ភ្ញៀវ​បាន​តែ​នៅ​ខាង​ក្រៅ ហើយ​តុ​មួយ​អាច​ដាក់​ភ្ញៀវ​បាន​ច្រើន​បំផុត​ត្រឹម ៦នាក់។ ការ​ទទួល​ភ្ញៀវ​នៅ​ខាង​ក្នុង​ត្រូវ​រង់ចាំ​នៅ​ដល់​ថ្ងៃទី៩ មិថុនា។ ដើម្បី​ចូលរួម​សាទរ​ពី​ការ​មាន​សេរីភាព​ឡើង​វិញ​តាម​រយៈ​ការ​បើក​ប្រទេស​ក្នុង​ដំណាក់ការ​ទី២ ពេល​នេះ ប្រធានាធិបតី​លោក​ម៉ាក្រុង និង​នាយករដ្ឋមន្រ្តី​លោក​កាស្ទិច​បាន​អង្គុយ​ពិសារ​កាហ្វេ​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ប៉ារីស​ក្បែរ​វិមាន​ប្រធានាធិបតី​អេលីហ្សេ។

 

មតិយោបល់