បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោកតាវ័យ៧២ឆ្នាំម្នាក់ បានចុះរាវខ្ចៅនិងបេះផ្លែឈូកឲ្យចៅក្នុងអាងទឹក លង់ទឹកស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០២និង៤០នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា លោកតារងគ្រោះឈ្មោះ ឯម រុណ អាយុ៧២ឆ្នាំ នៅភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុលោកតារងគ្រោះបានចុះទៅក្នុងអាងទឹកក្តឹបថ្ម ដើម្បីរាវខ្ចៅនិងបេះផ្លែឈូកឲ្យចៅ ពេលនោះក៏ស្រាប់តែលង់ទឹក ហើយចៅគាត់បានស្រែកឲ្យគេជួយ ពេលចុះទៅជួយស្រង់មកលើ និងបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព បឹងត្រកួន រួចបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែជាអកុសល លោកតា ឯម រុណ បានទទួលមរណភាព សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ជាមួយគ្នានោះដែរ នគរបាលប៉ុស្តិ៍ការពារព្រំដែនភ្នំប្រាក់ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បាននាំយកថវិកាចំនួន១០ម៉ឺនរៀល ទៅឧបត្ថម្ភក្នុងកម្មវិធីបុណ្យសពនោះផងដែរ ៕
មតិយោបល់